ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ បានរៀបចំកម្មវិធីប្រកួតប្រជែង ដែលមានឈ្មោះថា បញ្ញវន្តឌីជីថល សម្រាប់សិស្សទូទាំងប្រទេសចាប់ពីថ្នាក់ទី ១០ ដល់ថ្នាក់ទី១២។ កម្មវិធីនេះចាប់ផ្ដើមទទួលពាក្យ ចាប់ពីថ្ងៃទី ២ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងក្នុងឱកាសសម្ពោធជាផ្លូវការកម្មវិធី បញ្ជវន្តឌីជីថល ថា កម្មវិធីប្រកួតប្រជែងនេះ ជាកម្មវិធីលើកកម្ពស់ កសាងធនធានមនុស្សឆ្នើមរបស់កម្ពុជា។ ជាពិសេស ជាការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យឱ្យស្វែងយល់ពី ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការបណ្ដុះបណ្ដាលពីអ្នកជំនាញ។
ឯកឧត្តមបន្តថា កម្មវិធីនេះនឹងចូលរួមបង្កើនការយល់ដឹងរបស់សិស្ស និស្សិត ក៏ដូចជាសាធារណជន ឱ្យទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ដែលស្របតាមគោលនយោបាយ រដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២ -២០៣៥។
ក្នុងឱកាសដដែលនេះ លោក ជិន ថូមីត ផលិតករប្រតិបត្តិ កម្មវិធីបញ្ញឌីជីថល បានលើកឡើងថា ក្រុមការងារសម្រិតសម្រាំងជ្រើសរើសយកបេក្ខជនដែលមានសក្ដានុពល ឱ្យមកប្រកួតលើកទី ១។ ក្រោយឆ្លងកាត់ការប្រកួតវគ្គទី ១នេះ គឺបេក្ខជនដែលជាប់ ត្រូវឡើងមកប្រកួតនៅរាជធានីភ្នំពេញក្នុងវគ្គ Battle Zone ដោយពួកគេទាំងអស់នឹងទទួលបានឱកាសសិក្សា ការអនុវត្ត និងការប្រកួតប្រជែងដើម្បីជម្រុះបន្តទៀត។
លោកបន្តថា ក្នុងវគ្គ Battle Zone នេះ គឺមាន Robotic, Application Platform, AI, Digital Marketing រួមទាំងចំណុចជាច្រើនផ្សេងទៀត។ លោកបន្តថា សម្រាប់កម្មវិធី បញ្ញវន្តឌីជីថល ក៏នឹងមានរង្វាន់ជូន ជ័យលាភីផងដែរ។ រង្វាន់គឺថវិកា ១៥លានរៀល ១០លានរៀន ៥លានរៀល និងទទួលបានអាហារូករណ៍បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ៕ អត្ថបទ៖ គឹម ហុក