
ដោយមានរលកកម្តៅក្តៅខ្លាំងពេញមួយខែឧសភា ប្រទេសចិនភាគខាងកើតនិងភាគខាងត្បូង ប្រឈមមុខជាច្រើនសប្តាហ៍ទៀតនៃរលកកម្តៅឥតឈប់ឈរ បណ្តាលឲ្យបណ្តាញផ្គត់ផ្គង់អគ្គិសនីជួបការលំបាក ខណៈតម្រូវការសម្រាប់ម៉ាស៊ីនត្រជាក់កើនឡើងខ្ពស់ នៅក្នុងទីក្រុងធំៗដូចជាទីក្រុងសៀងហៃជាដើម។
យោងតាមការព្យាករណ៍អាកាសធាតុជាតិនៅថ្ងៃសុក្រនេះបានឲ្យដឹងថា នៅក្នុងរយៈពេល៣ថ្ងៃបន្ទាប់នេះ ភាគច្រើននៅប្រទេសចិនភាគខាងត្បូង ត្រូវបានគេរំពឹងថាទទួលរងនូវសីតុណ្ហភាពលើសពី៣៥អង្សាសេ ដោយសីតុណ្ហភាពនៅក្នុងតំបន់មួយចំនួនមានលើសពី៤០អង្សារសេ។
ដូចជានៅតំបន់ជាច្រើននៅអាស៊ីដែរ ប្រទេសចិនត្រូវបានហ៊ុមព័ទ្ធដោយអាកាសធាតុក្តៅខ្លាំងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅមុនពេលរដូចក្តៅនៅអឌ្ឍគោលខាងជើង។
កាលពីថ្ងៃចន្ទ ទីក្រុងសៀងហៃ ទទួលរងនូវថ្ងៃក្តៅបំផុតរបស់ខ្លួននៅក្នុងខែឧសភា ក្នុងរយៈពេលជាង១០០ឆ្នាំមកនេះ។ ខេត្តជាច្រើន នៅភាគខាងត្បូងទទួលរងកម្តៅខ្លាំង ជាការសាកល្បងបណ្តាញផ្គត់ផ្គង់អគ្គិសនី ខណៈតម្រូវការសម្រាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់កើនឡើងក្នុងចំណោមអ្នកប្រើប្រាស់ផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងនៅតាមលំនៅឋាន៕
