បាល់ទាត់៖ Real Madrid, Barcelona និង Juventus ជាក្លិបតែបីដែលនៅសល់មិនបោះបង់គំរោងរៀបចំពាន European Super League និងនៅតែក្រាញននៀលការពារ ទោះមានការគំរាមពីការដាក់ទណ្ឌកម្មពី UEFA ក៏ដោយ។
ក្នុងចំណោម ១២ក្លិបដែលមានរួមគ្នាបង្កើតពាន ដែលគេអោយឈ្មោះថាពានក្រៅខោនោះមាន ៩ក្លិបមកហើយបានប្រកាសដកខ្លួនដែល រួមមានក្លិបនៅអង់គ្លេសទាំង ៦, ក្លិបអ៊ីតាលីពីរ Inter Milan និង AC Milan រួមជាមួយក្លិបអេស្ប៉ាញ Atletico Madrid បន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃពីមជ្ឈដ្ឋានទូទៅជាពិសេសអ្នកគាំទ្រ។ ក្លិបទាំង ៩ ដែលបានដកខ្លួនកន្លងមក UEFA បានបញ្ជាក់ហើយថា នឹងទទួលរងទណ្ឌកម្មផ្នែកហិរញ្ញវត្ថុខ្លះ តែក្លិបទាំងបីដែលនៅសល់នឹងអាចរងទណ្ឌកម្មធ្ងន់ធ្ងរ។ Real Madrid, Barcelona និង Juventus ថ្មីៗនេះបានចេញសេចក្តីថ្លែងការរួមគ្នាថា ពួកគេគឺជាជនរងគ្រោះ និងហៅគម្រោងដាក់ទណ្ឌកម្មរបស់ UEFA ថាជាការគម្រាមកំហែង។
រំលឹកថា កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ European Super League ត្រូវបានប្រកាសជារូបរាង តែត្រឹម ៤៨ម៉ោងប៉ុណ្ណោះមតិរិះគន់ផ្ទុះឡើងពីមជ្ឈដ្ឋានទូទៅ ជាពិសេសមានបាតុកម្មផ្ទុះឡើងពីអ្នកគាំទ្រ បូករួមទាំងការប្រកាសថ្កោលទោសពីរដ្ឋាភិបាលអង់គ្លេស ដែលធ្វើអោយក្លិបអង់គ្លេសទាំង ៦ ប្រកាសដកខ្លួនមុនគេ។ ក្លិបស្ថាបនិកដែលនៅសល់ទាំង ៣ បានប្រកាសពីការការពារគំរោងរបស់ខ្លួន ដែលពួកគេថាជាការជួយស្រោចស្រង់បាល់ទាត់ពីវិបត្តិ Covid-19 ដែលពួកគេរងគ្រោះយ៉ាងដំណំផ្នែកហិរញ្ញវត្ថុ៕
អត្ថបទ៖នាង សុភាវុធ