
យោងតាមក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស (NRC) បានឲ្យដឹងថា ការផ្លាស់ទីលំនៅ ឬការក្លាយជាជនចំណាកស្រុកក្នុងប្រទេសខ្លួនឯងរបស់មនុស្ស ២លាននាក់ ក្នុងប្រទេសប៊ួគីណាហ្វាសូ ត្រូវបានដាក់ឈ្មោះថា ជាវិបត្តិដែលត្រូវបានព្រងើយកន្តើយបំផុត ខណៈដែលការយកចិត្តទុកដាក់ និងជំនួយនានារបស់ពិភពលោក បានតម្រង់តែទៅលើប្រទេសអ៊ុយក្រែន។
មិនតិចជាងរយៈពេលប្រាំឆ្នាំនោះឡើយ ដែលប្រទេសប៊ួគីណាហ្វាសូ បានស៊ូទ្រាំនឹងជម្លោះជាមួយក្រុមជីវពល ដែលបានវាយប្រហារប្រភពទឹក និងបង្ខំឲ្យសាលារៀនបិទ ហើយឥឡូវនេះ ក្រុមជីវពលនោះ បានគ្រប់គ្រងទឹកដីរបស់ប្រទេសរហូតដល់ទៅ ៤០ភាគរយ។
យោងតាមរបាយការណ៍របស់ NRC មនុស្សប្រហែល ៨០០.០០០នាក់ នៅក្នុងតំបន់ទាំងនេះ មិនមានលទ្ធភាពទទួលបានសេវានានានោះទេ ហើយមួយភាគបួននៃចំនួនប្រជាជនពឹងផ្អែកលើជំនួយមនុស្សធម៌ ខណៈដែលការឡោមព័ទ្ធទីក្រុង Djibo បានធ្វើឲ្យមនុស្សជាច្រើនគ្មានអាហារបរិភោគ រហូតងាកទៅចំចម្អែតក្រពះជាមួយនឹងស្លឹកឈើព្រៃ ដើម្បីរស់មួយគ្រាៗ។
របាយការណ៍ប្រចាំឆ្នាំរបស់ NRC ស្តីពីស្ថានភាពមួយ ដែលត្រូវការការយកចិត្តទុកដាក់បន្ថែមទៀតពីអ្នកការទូត និងប្រព័ន្ធផ្សព្វផ្សាយនោះ បានលើកឡើងថា ប្រទេសអ៊ុយក្រែន បានទទួលការផ្សាយព័ត៌មានច្រើនជាង ៥ដង និងការផ្តល់មូលនិធិ ៤ដងច្រើនជាងវិបត្តិការផ្លាស់ទីលំនៅធំៗបំផុតទាំង១០ របស់ពិភពលោក។
លោក Jan Egeland អគ្គលេខាធិការ NRC បាននិយាយថា៖ «យើងត្រូវតែធ្វើកិច្ចការបន្ថែមទៀត ដើម្បីបញ្ចប់ការរងទុក្ខវេទនា នៅក្នុងប្រទេសប៊ួគីណាហ្វាសូ មុនពេលភាពអស់សង្ឃឹម បានចាក់ឫសកាន់តែជ្រៅ ហើយត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃវិបត្តិដែលអូសបន្លាយ។ វិបត្តិនេះ ដែលស្ទើរតែពុំត្រូវបានអើពើជាយូរមកហើយ បង្ហាញឲ្យឃើញពីការបរាជ័យនៃប្រព័ន្ធអន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងវិបត្តិដែលទើបនឹងកើតមានថ្មី ខណៈវាក៏បង្ហាញពីការស្ថិតនៅក្នុងស្រមោលដែលគ្មានដំណោះស្រាយជាច្រើនទសវត្សរ៍ផងដែរ»៕
