
បណ្ដាមេដឹកនាំក្រុមយុវជននៃគណបក្ស Congress ជាប្រឆាំងរបស់ប្រទេសឥណ្ឌា និងសហជីពកសិករ បានចូលរួមជាមួយក្រុមអ្នកចំបាប់ ខណៈដែលការតវ៉ាទាមទារ ឱ្យប្រធានកីឡាចំបាប់លោក Brij Bhushan Sharan Singh លាលែងពីតំណែង ជុំវិញការចោទប្រកាន់រំលោភផ្លូវភេទលើអត្តពលិកស្ត្រី ទទួលបានសន្ទុះកើនឡើង កាលពីថ្ងៃព្រហស្បតិ៍ (១ មិថុនា)។
បណ្ដាអត្តពលិកបានបោះជំរំក្នុងរដ្ឋធានី New Delhi ចាប់តាំងពីថ្ងៃទី ២៣ ខែមេសាមក ដើម្បីទាមទារឱ្យមានចំណាត់ការប្រឆាំងនឹងប្រធានសហព័ន្ធកីឡាចំបាប់នៃប្រទេសឥណ្ឌា (WFI)លោក Singh ដែលបានបដិសេធការចោទប្រកាន់បៀតបៀនផ្លូវភេទលើអត្តពលិកស្ត្រី។
ក្រុមកីឡាការិនីចំបាប់ រួមទាំងម្ចាស់មេដាយអូឡាំពិកអ្នកនាង Sakshi Malik និងម្ចាស់ជើងឯកអាស៊ីហ្គេមអ្នកនាង Vinesh Phogat គ្រោងនឹងពន្លិចចោលមេដាយរបស់ពួកគេនៅទន្លេគង្គា ប៉ុន្តែត្រូវមេដឹកនាំកសិករម្នាក់បញ្ចុះបញ្ចូលមិនឲ្យធ្វើបែបនោះ។
រដ្ឋមន្ត្រីក្រសួងកីឡាឥណ្ឌាលោក Anurag Thakur បានជំរុញឱ្យបណ្ដាម្ចាស់ជើងឯកកីឡាចំបាប់ដែលបានធ្វើបាតុកម្មចោទប្រកាន់ប្រធានសហព័ន្ធរបស់ពួកគេពីបទបៀតបៀនផ្លូវភេទ រង់ចាំលទ្ធផលនៃការស៊ើបអង្កេតលើការចោទប្រកាន់នេះ មុននឹងសម្រេចចិត្តធ្វើសកម្មភាពបន្ទាប់ទៀត៕