ភ្នំពេញ ៖ កីឡាបាល់បោះជិះរទេះជនពិការ គឺជាប្រភេទកីឡា ដែលបានចាប់ផ្ដើមការប្រកួតមុនគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា លើវិញ្ញាសាបុរស-នារី ៣នាក់ ទល់ ៣នាក់ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។
ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ ការប្រកួតថ្ងៃដំបូងនេះ ពុំសូវមានទស្សនិកចូលរួមទស្សនានោះទេ បើធៀបនឹងការប្រកួតកីឡាស៊ីហ្គេម លើកទី១២ លើប្រភេទកីឡាបាល់បោះដូចគ្នា នៅទីតាំងដូចគ្នា កាលពីថ្មីៗ ។ តាមរយៈនេះ អត្តពលិកជនពិការកម្ពុជា បានសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ក៏ដូចជាលើកមុខមាត់ប្រទេសជាតិផងដែរ ។
កីឡាការិនី អាន ស៊ីណែត និងកីឡាករ ចក់ ចាន់ សមាជិកក្រុមបាល់បោះជិះរទេះជនពិការជម្រើសជាតិកម្ពុជា បានលើកឡើងថា ប្រសិនបើមានប្រជាពលរដ្ឋចូលរួមទស្សនាច្រើន នឹងធ្វើឲ្យពួកគេកាន់តែមានកម្លាំងចិត្ត សម្រាប់ការប្រកួតប្រជែង និងដណ្ដើមលទ្ធផលល្អជូនជាតិ ។ ហេតុនេះ ពួកគេសង្ឃឹមថា ការប្រកួតបន្ដបន្ទាប់ ក៏ដូចជាតាមប្រភេទកីឡាផ្សេងៗ នឹងមានអ្នកទស្សនាច្រើន ។
គួរដឹងថា មុនឈានដល់ពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ក្រុមបាល់បោះជិះរទេះជនពិការកម្ពុជា បានឡើងដល់វគ្គដណ្ដើមមេដាយ ទាំងបុរស និងនារី ក្នុងនោះក្រុមបុរស ត្រូវជួបក្រុម៉ាឡេស៊ី ដើម្បីដណ្ដើមមេដាយសំរឹទ្ធ ខណៈក្រុមនារី ត្រូវជួបថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីការពារមេដាយមាស នៅព្រឹកថ្ងៃសៅ៍ចុងសប្ដាហ៍នេះ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ ដូច្នេះសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមទស្សនាឲ្យបានច្រើនកុះករក្នុងការប្រកួតដ៏សំខាន់នេះ ៕ អត្ថបទ ៖ លី ឈុនឡា



