កណ្តាល៖ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការរក្សាបានសន្តិភាពជាកត្តាទាក់ទាញការវិនិយោគបន្ថែមចូលមកវិនិយោគនៅកម្ពុជានឹងបង្កើតការងារធ្វើកាន់តែច្រើនដល់បងប្អូនប្រជាពលរដ្ឋ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅសួនឧស្សាហកម្មខេត្តខេមតុន ខេត្តកណ្តាល នៅថ្ងៃទី៣ខែមិថុនា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យបងប្អូនកម្មករ និយោជិតចូលរួមរក្សាសន្តិភាពដើម្បីមានការអភិវឌ្ឍទទួលបានការវិនិយោគបន្ថែមពីបរទេសបង្កើតការងារធ្វើក៏ដូចជាបង្កើនប្រាក់ចំណូលដល់បងបងប្អូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ "បើសិនជាសន្តិភាពត្រូវបានធ្វើពង្រឹងល្អ លក្ខខណ្ឌវិនិយោគរបស់យើងកាន់តែប្រសើរ វិនិយោគមកកាន់ ភាគច្រើន និងមានការដោះស្រាយការងារធ្វើឲ្យពលរដ្ឋរបស់យើងតទៅទៀត"។
សូមបញ្ជាក់ថា ចំនួនរោងចក្រសងគ្រាសនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ដោយទទួលបានការវិនិយោគបន្ថែមពីវិនិយោគក្នុងប្រទេស និងពីក្រៅប្រទេសជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្មករ-និយោជិត រោងចក្រ សហគ្រាស ទទួលបានប្រាក់ខែយ៉ាងតិចជាង ២០០ដុល្លារអាមេរិក ក្នុងមួយខែ ដែលបានកើនឡើង ពីប្រមាណ ៤០ ដុល្លារ ក្នុងមួយខែ កាលពីឆ្នាំ ១៩៩៧។ ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២៣ កម្ពុជាទទួលបានចំនួនជាង៧ពាន់លានដុល្លារអាមេរិក លើការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ ហើយផលិតផលកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ រួមចំណែកធំជាងគេ នៃការនាំចេញសរុបរបស់កម្ពុជា៕(ដោយ៖ វណ្ណៈ)






