
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហ ប្រជាជាតិUNសូមកុំមើលតែរឿងអាក្រក់នៅកម្ពុជាពេក គប្បីមើលប្រទេសថៃ ដែលជាទឹកដីកំណើតរបស់ខ្លួនឯងផង ខណៈបញ្ហានៅប្រទេសថៃ គឺបានកើតរឿងអយុត្តិធម៌ច្រើនណាស់ចំពោះអតីតនាយករដ្ឋមន្រ្តីថៃ តែគ្មានបុគ្គល និងប្រទេសហ៊ានរិះគន់ និងនិយាយអ្វីនោះទេ។
ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក្រសហគ្រាសចំនួន១៩ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ត្រូវក្រឡេកមើលប្រទេសថៃខ្លួនឯងផង កុំមើលតែស្រុកខ្មែរពេក ខណៈករណីថាក់ស៊ីន និងយ៉ីងឡាក់ត្រូវបានរដ្ឋប្រហារយោធាបណ្តេញចេញពីប្រទេស តែគ្មានអ្នកប្រទេសណាមកអើពើនោះទេ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមអង្គការសិទ្ធិមនុស្ស ជាពិសេសអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN)នោះ មើលកម្ពុជាឲ្យបានច្បាស់លាស់ សូមកុំស្តាប់តែតាមការញុះញង់របស់ក្រុមប្រឆាំងពេក ខណៈក្រុមពួកប្រឆាំងទាំងនោះ វាមិនដែលនិយាយល្អពីកម្ពុជាទេ សូម្បីតែព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានអន្តរជាតិកោតសរសើរគ្រប់ៗគ្នា តែក្រុមប្រឆាំងពិសេសពួកកំពុងរត់ចោលស្រុកនោះ វាមករិះគន់បែបនេះបែបនោះទៅវិញ៕(អត្ថបទ៖បាន ចក់)