អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាឲ្យពិនិត្យមើលជម្រកលាក់ខ្លួនពីការវាយឆ្មក់តាមអាកាសរបស់អ៊ុយក្រែនទាំងអស់ កាលពីថ្ងៃសុក្រ (ទី២ ខែមិថុនា) ខណៈដែលជម្លោះជាមួយអភិបាលក្រុងគីវ (Kyiv) រីករាលដាលកាន់តែធំឡើងៗ បន្ទាប់ពីមានការស្លាប់របស់មនុស្ស ៣នាក់ ដែលត្រូវបានទុកចោលនៅលើផ្លូវ អំឡុងការវាយប្រហាររបស់ទ័ពរុស្ស៊ី។
ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ម្តាយរបស់ក្មេងស្រីនោះ និងស្ត្រីម្នាក់ផ្សេងទៀត បានបាត់បង់ជីវិត ដោយសារអំបែងធ្លាក់ត្រូវ បន្ទាប់ពីជនរងគ្រោះទាំងនោះប្រញាប់ប្រញាល់តម្រង់ទៅកាន់ទីជម្រក នៅទីក្រុងគីវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពួនពីការវាយប្រហារហើយឃើញថាជម្រកនោះ ត្រូវបានបិទ។

លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាវីដេអូពេលល្ងាចថា៖ «មិនអាចមានលេសអ្វីមកបិទបាំងកម្រិតនៃការធ្វេសប្រហែស នៅក្នុងទីក្រុងនេះបានទេ» ហើយលោកប្រធានាធិបតីបន្ថែមថា រូបលោកបានប្រាប់រដ្ឋមន្ត្រីក្រសួងយុទ្ធសាស្ត្រ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យធ្វើការត្រួតពិនិត្យទាំងស្រុងឡើងវិញនូវជម្រកការពារពីការទម្លាក់គ្រាប់បែក»។
ក្នុងការស៊ើបអង្កេតលើការស្លាប់នេះ នគរបាលបានឃាត់ខ្លួនមនុស្សបួននាក់ ហើយក្រសួងមហាផ្ទៃបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមបណ្ដាញសង្គម Telegram ថា មនុស្ស ៣នាក់ ក្នុងចំណោមនោះ អាចនឹងត្រូវចោទប្រកាន់ពីបទធ្វេសប្រហែសជាផ្លូវការ។
ការស្លាប់នេះបានបង្កឲ្យមានការតវ៉ាជាសាធារណៈ និងសុំឲ្យមាននូវការសន្យានៃការឆ្លើយតបដ៏ជាក់លាក់មួយរបស់លោក Zelenskiy ដោយការលើកឡើងនោះទំនងជាសំដៅទៅលើអភិបាលក្រុងគីវ ដែលជាអតីតអ្នកប្រដាល់ជើងឯកពិភពលោក លោក Vitali Klitschko ដែលធ្លាប់បានប៉ះទង្គិចជាមួយលោកប្រធានាធិបតីពីមុនមក៕
