កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅកម្មករ កម្មការិនីទាំងអស់ ត្រូវចង់ចាំថា គណបក្សបក្សប្រឆាំងតែងតែញុះញង់ទៅកាន់បរទេស មិនឲ្យទិញផលិតផលពីកម្ពុជា ដែលសកម្មភាពនេះ គឺជាការបំបែកឆ្នាំងបាយរបស់កម្មករ ។

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) នៅខេត្តកណ្ដាល នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ មានប្រសាសន៍ថា សូមកម្មករ កម្មការនី ត្រូវចាត់ទុករោងចក្រ សហគ្រាស គឺជាឆ្នាំងបាយរបស់ខ្លួន ហើយសូមកម្មករទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសុវត្ថិភាព នៅក្នុងរោងចក្រ ឲ្យបន្តជាទីតាំងសុខសាន្ត ពុំមានបទល្មើសផ្សេងៗ ។
សម្តេចតេជោបន្តថា កម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តង តែងតែធ្វើការញុះញង់ និងអំពាវនាវបរទេសមិនឲ្យទិញផលិតផលពីកម្ពុជា និងមិនឲ្យបរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ ដែលបញ្ហានេះ ជាការវាយបំបែកឆ្នាំងបាយរបស់កម្មករ ព្រោះរោងចក្រនៅទូទាំងប្រទេស កំពុងផ្ដល់ឱកាសនុវការងារជាច្រើនកន្លែង ដល់ប្រជាពលរដ្ឋ ។
គួរបញ្ជាក់ថា ក្រៅតែពីការញុះញង់បរទេសមិនឲ្យទិញផលិតផល ឬមិនឲ្យបរទេសមកធ្វើការវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ ពួកប្រឆាំងក៏ធ្លាប់បានអំពាវនាវ ដល់ប្រទេសម្ចាស់ជំនួយផ្ដាច់ជំនួយពីកម្ពុជា ឬបង្កើតបាតុភាពផ្សេងៗ ដូចជាញុះញង់ឲ្យមានបាតុកម្ម ឬការទាមទារផ្សេងៗ ក្នុងគោលបំណងចង់ឲ្យមានភាពវឹងវរក្នុងប្រទេស បង្អាក់ចំណាប់អារម្មណ៍និយោគនៅកម្ពុជាផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ





