ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ង្វៀន ហុងហ្សៀន (NGUYEN HONG DIEN) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី សម្រាប់ឆ្នាំ២០២៣-២០២៤ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ។
ក្រសួងពាណិជ្ជកម្ម នៅក្រោយចប់ពិធីចុះហត្ថលេខា កាលពីរសៀលថ្ងៃទី២ ខែមិថុនាកន្លងទៅ បានឲ្យដឹងថា ភាគីប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ ដោយបញ្ជាក់ថា នឹងដើរទន្ទឹមគ្នាយ៉ាងសកម្មក្នុងការផ្សព្វផ្សាយដល់ផលិតករ អ្នកនាំចេញនាំចូល និងក្រុមហ៊ុនធុរកិច្ច សំដៅជំរុញការអនុវត្តនិងទាញប្រយោជន៍ជាអតិបរមាពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី។
ក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ជាកិច្ចចាប់ផ្តើម ឯកឧត្ដមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាចលករមួយដ៏សំខាន់ក្នុងការជំរុញ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ដោយឈរលើមូលដ្ឋានភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ឯកឧត្តមបានបន្តថា ការផ្តួចផ្តើមឱ្យមានកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី គឺធ្វើឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំនៃប្រទេសយើងទាំងពីរ ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម សំដៅរៀបចំគោលនយោបាយអនុគ្រោះលើពន្ធគយសម្រាប់ទំនិញដែលមានដើមកំណើតនៅប្រទេសរៀងៗខ្លួន។ រហូតមកដល់ពេលបច្ចុប្បន្ននេះ តំណាងក្រសួងយើងទាំងពីរបានចុះហត្ថលេខាលើឯកសារនេះចំនួន ៧លើករួចមកហើយ និងបានឯកភាពបន្តសុពលភាពចំនួន ១លើក លើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះតាមផ្លូវការទូត។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនាថ្ងៃនេះ គឺជាការចូលរួមអនុវត្តនូវស្មារតី នៃកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅនាដើមឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិទ្វេភាគីដ៏ល្អប្រសើរ ជាពិសេសកិច្ចខិតខំបន្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច សំដៅជំរុញវិនិយោគ និងបង្កើនកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទ្បើងខ្ពស់បន្តទៀត ស្របតាមអាណត្តិនិងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដ៏យូរអង្វែង ទំនាក់ទំនងជាប្រពៃណី និងគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ ជាពិសេសការផ្តួចផ្តើមឱ្យមានសេចក្ដីថ្លែងការណ៍រួមកម្ពុជា-វៀតណាម រវាងព្រះរាជាណាចក្រកម្ពុជានិងវៀតណាម ក្នុងការរៀបចំគោលនយោបាយអនុគ្រោះលើពន្ធគយសម្រាប់ទំនិញដែលមានដើមកំណើតនៅប្រទេសរៀងៗខ្លួន។ ឯកឧត្តម លើកទ្បើងថា កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខានាពេលនេះ គឺជាឯកសារដ៏សំខាន់សម្រាប់ធុរជន និងអ្នកនាំចេញនាំចូល ហើយថែមទាំងនឹងជួយជំរុញការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរ បន្ថែមលើការព្រៀមព្រៀងគ្នាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។
លើសពីនេះ ឯកឧត្តម ង្វៀន ហុងហ្សៀន ក៏បានគូសបញ្ជាក់ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរក្នុងការជំរុញនិងលើកស្ទួយប្រទេសជាតិ ទោះបីជាពិភពលោកបានរងផលប៉ះពាល់នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។ ក្នុងន័យនេះ ឯកឧត្តម បានបញ្ជាក់ពីសារៈសំខាន់នៃការចុះហត្ថលេខានិងការអនុវត្តនៃកិច្ចសម្របសម្រួលនេះក្នុងការបន្តជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែកើនទ្បើងបន្ថែមទៀត ជាពិសេសទំនិញកសិកម្មនិងទំនិញឧស្សាហកម្ម៕




