UN៖ បេសកកម្មផ្តល់ជំនួយអន្តរកាលសមាហរណកម្មរបស់អង្គការសហប្រជាជាតិក្នុងប្រទេសស៊ូដង់ បានបន្តបេសកកម្មរយៈពេល៦ខែ ដោយមានការឯកភាពជាឯកច្ឆន្ទពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ។
បេសកកម្មត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០២០ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសស៊ូដង់ អំឡុងអន្តរកាលនយោបាយឈានទៅរកការគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ។
ភាគីសង្គ្រាមនៅប្រទេសស៊ូដង់បានប្រយុទ្ធគ្នានៅក្នុងរដ្ឋធានីកាលពីថ្ងៃសុក្របន្ទាប់ពីការបរាជ័យនៃកិច្ចពិភាក្សា ដើម្បីរក្សាបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌។
ពលរដ្ឋទីក្រុង Khartoum និងទីក្រុង Omdurman ឆ្លងកាត់ទន្លេនីល និយាយថា កងទ័ពបានបន្តការវាយប្រហារតាមអាកាស និងបានប្រើប្រាស់កាំភ្លើងធំ។ ប៉ុន្តែបាននិយាយថា គ្មានសញ្ញាពីកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ាដែលកំពុងប្រយុទ្ធពីតាមដងផ្លូវនានា និងលំនៅឋានដែលខ្លួនបានបានចូលកាន់កាប់នោះទេ។
រយៈពេល៧សប្តាហ៍នៃសង្គ្រាមរវាង កងទ័ពជាតិ និងកងកម្លាំងគាំទ្ររហ័ស បានបំផ្លាញផ្នែកជាច្រើននៅភាគកណ្តាលរដ្ឋធានី Khartoum ដែលបានគំរាមកំហែងទៅរកអស្ថិរភាពតំបន់កាន់តែធំ ដែលបានធ្វើឲ្យពលរដ្ឋ១,២លាននាក់បានភៀសខ្លួន នៅក្នុងប្រទេសស៊ូដង់ និងបានបញ្ជូនពលរដ្ឋ៤០០.០០០ នាក់ផ្សេងទៀតទៅកាន់រដ្ឋជិតខាង៕

