អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយ នៅថ្ងៃសៅរ៍ (ទី៣ ខែមិថុនា)នេះ ថា លោកមានការបារម្ភយ៉ាងខ្លាំង ចំពោះការមិនមានឆន្ទៈរបស់ប្រទេសចិន ក្នុងការចូលរួមលើការគ្រប់គ្រងវិបត្តិយោធា ដោយព្រមានថា ការជជែកគ្នា គឺជាគន្លឹះដ៏សំខាន់ដើម្បីបញ្ជៀសជម្លោះ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលកិច្ចសន្ទនា Shangri-La ដែលជាកិច្ចប្រជុំសន្តិសុខលំដាប់កំពូលរបស់អាស៊ី លោក អូស្ទីន (Austin) បាននិយាយថា ច្រកប្រាស្រ័យទាក់ទងបើកចំហរវាងក្រសួងការពារជាតិ និងមេដឹកនាំយោធារបស់សហរដ្ឋអាមេរិក និងចិន មានសារៈសំខាន់ណាស់ ក្នុងការបញ្ចៀសជម្លោះ និងជួយគាំទ្រដល់ស្ថិរភាព នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

លោក អូស្ទីន (Austin) បានប្រាប់កិច្ចប្រជុំ ដែលរៀបចំនៅប្រទេសសិង្ហបុរីថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងដែលសាធារណៈរដ្ឋប្រជាមានិតចិន (PRC) មិនមានឆន្ទៈក្នុងការចូលរួមយ៉ាងប្រាកដប្រជាឲ្យកាន់តែខ្លាំងឡើងលើយន្តការប្រសើរជាងមុន សម្រាប់ការគ្រប់គ្រងដោះស្រាយវិបត្តិ រវាងយោធានៃប្រទេសរបស់យើងទាំងពីរ។ យើងជជែកគ្នាកាន់តែច្រើន យើងកាន់តែអាចបញ្ចៀសនូវការយល់ច្រឡំ និងការវាយតម្លៃខុស ដែលអាចនាំឲ្យមានវិបត្តិ ឬជម្លោះបាន»។
គួរបញ្ជាក់ដែរថា រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu បានបដិសេធការអញ្ជើញឲ្យជួបជាមួយលោក អូស្ទីន (Austin) ក្នុងកិច្ចប្រជុំកំពូលសន្តិសុខនេះ។ មន្ទីរបញ្ចកោណបានឲ្យដឹងថា នៅថ្ងៃសុក្រ (ទី២ ខែមិថុនា) រដ្ឋមន្ត្រីទាំងពីរបានចាប់ដៃគ្នា នៅខាងក្រៅសន្និសីទ ប៉ុន្តែមិនមានការផ្លាស់ប្ដូរទស្សនៈសំខាន់អ្វីនោះទេ។ ចំណែកលោក Li នឹងមានសុន្ទរកថាផ្ទាល់ខ្លួន នៅថ្ងៃអាទិត្យ (ទី៤ ខែមិថុនា)។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន គឺស្ថិតនៅចំណុចទាបបំផុត ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ដោយសារប្រទេសមហាអំណាចទាំងពីរ នៅតែមានទស្សនៈខ្វែងគ្នាយ៉ាងខ្លាំងក្លាលើបញ្ហាគ្រប់យ៉ាង ចាប់ពីបញ្ហាអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ រហូតដល់បញ្ហាចារកម្ម និងបញ្ហាជម្លោះដែនដី នៅសមុទ្រចិនខាងត្បូង៕