ប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែតប្រកាសថា បុរសជាអាជីវករម្នាក់អាយុ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ១៩នៅថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសនៅថ្ងៃនេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា បុរសម្នាក់អាយុ ៥០ឆ្នាំ មុខរបរជាអាជីវករ បានទទួលមរណៈភាពដោយសារជំងឺកូវីដ១៩ នៅឯមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី កាលពីវេលាម៉ោង ១:៣០នាទីយប់ថ្ងៃទី១០ ខែឧសភា។
តាមសេចក្ដីប្រកាសដដែលនេះ បុរសខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកប៉ោយប៉ែតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បន្ទាប់ពីត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ មុននឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។
គិតត្រឹមថ្ងៃនេះ តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ដែលប្រកាសជាផ្លូវការដោយក្រសួងសុខាភិបាល បានកើនឡើងដល់ចំនួន ១២៦នាក់ហើយគិតចាប់ពីពេលដែលកម្ពុជាបានប្រកាសពីករណីស្លាប់លើកដំបូងកាលពីថ្ងៃទី១១ ខែមីនាកន្លងមក៕អត្ថបទ ៖ សុធី