វេណេហ្ស៊ុយអេឡា៖ មេដឹកនាំគណបក្សប្រឆាំង លោក Henrique Capriles ត្រូវបានទះកំភ្លៀង និងទាត់ពីខាងក្រោយ កាលពីថ្ងៃសុក្រ (ទី២ ខែមិថុនា) ក្នុងអំឡុងពេលចុះទៅធ្វើយុទ្ធនាការមួយ នៅ Carabobo ដែលជារដ្ឋមួយនៅភាគកណ្ដាលប៉ែកខាងជើងនៃប្រទេសវេណេហ្ស៊ុយអេឡា។

រូបភាពនៅក្នុងវីដេអូ ដែលត្រូវបានចែករំលែកនៅលើគណនីរបស់បណ្ដាញសង្គម Twitter បានបង្ហាញឲ្យឃើញថា លោក Capriles ត្រូវបានវាយចំមុខដោយស្ត្រីម្នាក់ ខណៈពេលដែលត្រូវបានស្រែកបណ្ដេញឲ្យចាកចេញពីតំបន់នោះ ហើយនៅពេលលោកដើរចេញដោយមានការឡោមព័ទ្ធពីក្រុមរបស់លោក មានមនុស្សម្នាក់ បានទាត់លោកពីក្រោយ។
បេក្ខេជនតំណែងប្រធានាធិបតីពីរដង បានបរិហារ ចំពោះការវាយប្រហារនេះលើគណនី Twitter របស់លោក ហើយបានចោទប្រកាន់ក្រុមបង្កហិង្សា ដែលបញ្ជាដោយលោកប្រធានាធិបតី Nicolas Maduro និងបក្ខពួករបស់លោក គឺលោក Rafael Lacava (អភិបាលក្រុង Carabobo) ពីបទបង្កសកម្មភាពវិច្ឆេទកម្ម។

កាលពីខែមីនា លោក Capriles បានប្រកាសថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសដំណាក់កាលបឋម នៅខែតុលា ទោះបីជារូបលោកត្រូវបានហាមប្រាមពីការចូលរួមប្រជែងមុខតំណែងសាធារណៈ បន្ទាប់ពីត្រូវបានតែងតាំងជាបេក្ខជនរបស់គណបក្ស Primero Justicia ក៏ដោយ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសវេណេហ្ស៊ុយអេឡា គ្រោងធ្វើឡើង នៅឆ្នាំ២០២៤៕