ឥណ្ឌា ៖ យុវជននៅមូលដ្ឋានរាប់រយនាក់ បានតម្រង់ជួរនៅក្នុងមន្ទីរពេទ្យ ដើម្បីបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះជនរងគ្រោះ ក្នុងសោកនាដកម្មរថភ្លើងបុកគ្នាដ៏អាក្រក់បំផុត នៅក្នុងស្រុក Balasore របស់រដ្ឋ Odisha។
ខណៈព័ត៌មាននៃឧបទ្ទវហេតុ ដែលបានកើតឡើង កាលពីល្ងាចថ្ងៃសុក្រ ត្រូវបានផ្សាយយ៉ាងទូលំទូលាយ ពួកយុវជបាននាំគ្នាសម្រុកទៅឈរតម្រង់ជួរពេញមួយយប់ នៅឯទីស្នាក់ការកណ្តាលមន្ទីរពេទ្យស្រុក Balasore ក្នុងទីក្រុង Balasore និង Bhadrak ដើម្បីបរិច្ចាគឈាម។
អ្នកស្ម័គ្រចិត្តម្នាក់ ដែលកំពុងឈរតម្រង់ជួរ បាននិយាយថា៖ «យើង (អ្នកស្ម័គ្រចិត្តប្រហែល ២៥នាក់) បានមកទីនេះ មន្ទីពេទ្យស្រុក Balasore ដើម្បីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ ប្រសិនបើឈាមរបស់យើងអាចជួយសង្គ្រោះជីវិតរបស់នរណាម្នាក់បាននោះ គ្មានអ្វីដែលអាចនាំមកនូវសេចក្ដីសុខជាងនេះទៀតទេ»។
រដ្ឋមន្រ្តីប្រចាំរដ្ឋ Odisha លោក Naveen Patnaik បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យស្រុក Balasore និងបានសំណេះសំណាលនិងសួរសុខទុក្ខអ្នកដំណើរដែលរងរបួស។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងរដ្ឋបាលមូលដ្ឋាន ដែលបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ។
ប្រមុខរដ្ឋាភិបាលប្រចាំរដ្ឋ លោក Pradeep Jena បានថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តយុវជន ដែលបានមកបរិច្ចាគឈាមក្នុងគ្រាដ៏សោកនាដកម្មបែបនេះ។
មនុស្សយ៉ាងហោចណាស់ ២៨៨នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ និងជាង១ពាន់នាក់ បានរងរបួស បន្ទាប់ពីឧបទ្ទវហេតុបុកគ្នា រវាងរថភ្លើងដឹកអ្នកដំណើរ២គ្រឿង និងរថភ្លើងដឹកទំនិញមួយគ្រឿង៕

