សិង្ហបុរី ៖ មន្ត្រីយោធាជាន់ខ្ពស់ចិនមួយរូប បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខ នៅប្រទេសសិង្ហបុរី នៅថ្ងៃសៅរ៍ (ទី៣ ខែមិថុនា) នេះ ថា ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin) អាចនឹងបង្កើតឲ្យមានការប្រឈមមុខគ្នា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះរួមទាំងនៅជុំវិញកោះតៃវ៉ាន់ផងដែរ។
លោក អូស្ទីន (Austin) បាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថា លោកមានការបារម្ភយ៉ាងខ្លាំង ចំពោះការមិនមានឆន្ទៈរបស់ប្រទេសចិន ក្នុងការចូលរួមគ្រប់គ្រងដោះស្រាយវិបត្តិយោធា ដោយព្រមានថា កិច្ចពិភាក្សាគឺជាគន្លឹះដ៏សំខាន់ ដើម្បីបញ្ចៀសជម្លោះ។
ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក អូស្ទីន (Austin) លោកវរសេនីយ៍ឯកជាន់ខ្ពស់ Zhao Xiaozhuo អ្នកស្រាវជ្រាវនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធារបស់ប្រទេសចិន បាននិយាយថា៖ «នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ច្រកសមុទ្រតៃវ៉ាន់មានស្ថិរភាពល្អណាស់ ដូច្នេះ តើអ្វីទៅជាហេតុផលនៅពីក្រោយនៃបំណងរបស់ពួកគេ (សហរដ្ឋអាមេរិក) ដើម្បីផ្លាស់ប្តូរ (ស្ថានភាពជាក់ស្តែង)? ពួកគេទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ»។
សហរដ្ឋអាមេរិក និងចិន កំពុងស្ថិតក្នុងទំនាក់ទំនងទាបបំផុត ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ដោយសារប្រទេសមហាអំណាចទាំងពីរ នៅតែមានទស្សនៈខ្វែងគ្នាយ៉ាងខ្លាំងក្លាលើបញ្ហាគ្រប់យ៉ាង ចាប់ពីបញ្ហាអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ រហូតដល់បញ្ហាចារកម្ម និងបញ្ហាជម្លោះដែនដី នៅសមុទ្រចិនខាងត្បូង៕

