កូសូវ៉ូ ៖ បរិយកាស នៅក្នុងទីក្រុង Zvecan និង Leposavic ភាគខាងជើងនៃប្រទេសកូសូវ៉ូ នៅថ្ងៃសៅរ៍ (ទី៣ ខែមិថុនា) នេះ គឺស្ងប់ស្ងាត់ធម្មតា ពោលគឺមួយសប្តាហ៍ បន្ទាប់ពីមានភាពតានតឹង រហូតឈានដល់កើតមានអំពើហិង្សា ក្រោយអភិបាលក្រុងជនជាតិអាល់បានីចូលកាន់តំណែង នៅក្នុងសាលាក្រុង ដែលមានជនជាតិស៊ែប៊ីភាគច្រើនរស់នៅ។
ប្រជាជនស៊ែរប៊ីភាគច្រើន បានធ្វើពហិការមិនចូលរួមការបោះឆ្នោត ក្នុងមូលដ្ឋាន កាលពីខែមេសា ដែលអនុញ្ញាតឲ្យមានការជ្រើសរើសអភិបាលក្រុង ជាមួយនឹងចំនួនអ្នកទៅបោះឆ្នោតតិចជាង ៤ភាគរយ។
កងរក្សាសន្តិភាពរបស់សម្ព័ន្ធភាពយោធាណាតូ (NATO) ៣០នាក់ និងជនជាតិស៊ែរប៊ី ៥២នាក់ បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា នៅក្រុង Zvecan កាលពីថ្ងៃចន្ទ (ទី២៩ ខែឧសភា) សប្ដាហ៍កន្លងទៅ ដោយបានជំរុញឲ្យណាតូប្រកាសថា ខ្លួននឹងបញ្ជូនទាហានបន្ថែមប្រមាណជាង៧០០នាក់ ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសតំបន់បាល់កង់រួចហើយ ដើម្បីពង្រឹងបេសកកម្មរបស់ខ្លួនដែលកងកម្លាំងចំនួនដល់៤.០០០នាក់។
ការសម្រេចរបស់នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ក្នុងការដំឡើងអភិបាលក្រុងថ្មី ត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែមិថុនា) បានឲ្យដឹងថា ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃចិន (Joe Biden) បានជជែកជាមួយលោក Kurti និងប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ដោយបានសម្តែងពីការបារម្ភអំពីស្ថានភាព និងជំរុញឲ្យភាគីទាំងអស់ប្រឹងប្រែងកាត់បន្ថយជម្លោះ។
កូសូវ៉ូបានប្រកាសឯករាជ្យជិតមួយទសវត្សរ៍មកហើយ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អង្គការណាតូ បានបណ្ដេញនគរបាល និងកងទ័ពស៊ែរប៊ីចេញពីអតីតខេត្តរបស់ខ្លួន តែប្រទេសស៊ែរប៊ី និងប្រជាជនស៊ែរប៊ីប្រមាណ ៥០.០០០នាក់ នៅភាគខាងជើងកូសូវ៉ូ មិនទទួលស្គាល់រដ្ឋាភិបាលរដ្ឋធានី Pristina នោះទេ ហើយនៅតែយល់ថា កូសូវ៉ូជាផ្នែកមួយនៃប្រទេសស៊ែរប៊ី៕

