អេហ្ស៊ីប៖ លោកស្រី Jill Biden ស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ (ទី៣ ខែមិថុនា) នេះ បានទៅទស្សនាប្រាសាទពីរ៉ាមីតខេត្តហ្ស៊ីណា ដោយការទៅទស្សនានេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសអេហ្ស៊ីប។
លោកស្រី Biden បានធ្វើដំណើរទស្សនាប្រាសាទពីរ៉ាមីត និងប្រាសាទ Great Sphinx របស់ទីតាំងបុរាណស្ថានទីនេះជាមួយប្រធានឧត្តមក្រុមប្រឹក្សាស្រាវជ្រាវវត្ថុបុរាណ លោក Mostafa Waziri។
ស្រ្តីទីមួយរបស់សហរដ្ឋអាមេរិក បានទៅដល់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃសុក្រ (ទី២ ខែមិថុនា) ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្រៅប្រទេស ក្នុងនោះរួមបញ្ចូលទាំងដំណើរទៅប្រទេសម៉ារ៉ុក និងព័រទុយហ្គាល់ផងដែរ។
នៅមុននោះ លោកស្រីបានជួបជាមួយសមភាគីអេហ្ស៊ីបលោកស្រី Entissar Amer និងស្វាមីរបស់លោកស្រីលោកប្រធានាធិបតី Abdel Fattah al-Sisi។ បន្ទាប់មក លោកស្រី Biden ក៏បានទៅទស្សនាសាលាបច្ចេកទេស និងវិហារអ៊ីស្លាម al-Azhar ដ៏ល្បីល្បាញផងដែរ៕

