ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអំពាវនាវ ជាថ្មីម្តងទៀតដល់បងប្អូនជនរួមជាតិទាំងអស់ គប្បីលើកទឹកចិត្ត និងគាំទ្រដល់បងប្អូនកីឡាករ កីឡាការិនី ដែលជាជនពិការឲ្យបានផុសផុលបន្ថែមទៀត។
ក្នុងឱកាសប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានលើកទី១២ (អាស៊ានប៉ារ៉ាហ្គេម)នារាត្រីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានរំពឹងថា ថ្ងៃណាមួយអាចដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៅព្រឹត្តិការណ៍កីឡាអូឡាំពិកជាក់ជាមិនខាន ហើយមួយវិញទៀតសម្តេចតេជោមានជំនឿរថា អាស៊ាននឹងមានក្រុមកីឡាករបាល់ទាត់មួយក្រុមដែលអាចមានសមត្ថភាពចូលរួមប្រកួតជាលក្ខណៈពិភពលោកផងដែរ។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។
កីឡាករ កីឡាការិនី ច្រើនជាងគេ គឺមកពីប្រទេសថៃ មាន ៣០៤នាក់ ដោយឥណ្ឌូណេស៊ី ២៧៥នាក់ និង ប្រទេស ម្ចាស់ផ្ទះកម្ពុជា ២៥២នាក់ ក្នុងនោះមានអត្តពលិកមកពីវៀតណាម ១២៨នាក់ មីយ៉ាន់ម៉ា ៨៣នាក់ ឡាវ ៤៣នាក់ សិង្ហបុរី ២៦នាក់ ព្រុយណេ ២០ នាក់ និង ១៣នាក់ មកពីទីម័រខាងកើត។
ក្រៅពីអត្តពលិកនោះ មានគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស សរុបចំនួន ១.២៣៩នាក់ ដែលក្នុងនោះ មន្ត្រីបច្ចេកទេស មកពីជប៉ុន ចំនួន ៤៨នាក់ មន្ត្រីបច្ចេកទេសអន្ដរជាតិ ចំនួន ១៧១ នាក់ និងមន្ត្រីបច្ចេកទេសក្នុងស្រុក ចំនួន ៩០០នាក់៕














