កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺន៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គោលដៅនៃជំនួបជាមួយកម្មករនិយោជិត គឺដើម្បីជំនួបសន្ទនារវាងរដ្ឋមន្រ្ដីនឹងកម្មករនិយោជិត ដើម្បីស្វែងយល់ពីអនុសាសន៍នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញទៅថា តើសម្រេចបានដល់កម្រិតណា ហើយចាំបាច់ត្រូវជំរុញបន្ថែមលើផ្នែកណាបន្ថែមទៀត។ ដូច្នេះហើយទើបសម្ដេចតេជោ បានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រជួបផ្ទាល់ជាមួយ កម្មករនិយោជិតជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា តាមរយៈជំនួបនេះ នាយករដ្ឋមន្រ្ដី កម្មករនិយោជិត និងម្ចាស់រោងចក្រ បានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់លើបញ្ហានានា ដែលកើតមានឡើងផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្ដេចបញ្ជាក់ថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើន។សម្តេចតេជោ បញ្ជាក់ថា ចិនបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជា ក្នុងនោះបានទិញយកផលិតផលកសិកម្មកម្ពុជា១១មុខ រួមមាន៖ ចេក ស្វាយ ស្វាយចន្ទី ត្រីប្រាជាដើម។ ក្រៅពីនេះជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានទេសចរបរទេសមកកាន់កម្ពុជាក្នុងរង្វង់៤លាននាក់ តាមរយៈកំណើននេះ ការផ្ដល់សេវាកម្មលើផ្នែកបដិសណ្ឋារកិច្ចនឹងមានកំណើនកើនឡើងផងដែរ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវពង្រឹងភាពធនក្នុងការផ្ដល់សេវានានាលើផ្នែកបដិសណ្ឋារកិច្ចនេះ។
សម្តេចតេជោ ណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំផ្សព្វផ្សាយបន្តអំពីការជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ គឺត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់បានឈប់សម្រាកទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែ កក្កដា ខាងមុខ ដោយទទួលបានប្រាក់ខែដដែល។
សម្តេចតេជោ ហ៊ុន សែន នៅតែបន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ សម្តេចបញ្ជាក់ថា « មិនត្រឹមអាចរកសន្តិភាព ធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត»។
សម្តេចតេជោ បន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយគាំទ្របរទេសថា កុំល្ងង់ពេកគណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿងបោះឆ្នោតមួយប៉ុណ្ណោះទេ ប៉ុន្ដែគឺបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឱ្យតែនាយករដ្ឋមន្រ្ដី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្ដីត្រូវបន្តធ្វើវេទិកាជួបជាមួយកម្មករកម្មការិនីបែបនេះ ដើម្បីបង្កើតជាវេទិកាក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករនិយោជិតទាំងអស់៕




















