
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យកសិកម្ម នៅតែដើរតួនាទីសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបើទោះបីជាវិស័យកសិកម្មនេះរួមចំណែកកាន់តែតូចនៃផលិតផលក្នុងស្រុកសរុបក៏ដោយ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនិយោជិតនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាសល់ស្រូវជាងប្រាំមួយលានតោន និងអង្ករជាងបួនលានតោនសម្រាប់នាំចេញបន្ថែម ទៅលើនេះផលិតផលកសិកម្មសក្តានុពលផ្សេងទៀត របស់កម្ពុជាក៏មានកំពុងមានទីផ្សារទៅក្រៅប្រទេសក៏ដូចជាប្រទេសចិនជាដើម។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ "វិស័យកសិកម្មរបស់យើង មានសមត្ថភាពផ្គត់ផ្គង់ទីផ្សារអន្តរជាតិនូវអង្ករ ក៏ដូចជាស្វាយចន្ទី កៅស៊ូ ជាដើម ហើយការបើកចំហទីផ្សារនៅប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាទីផ្សារសម្រាប់កសិផលកសិកម្មរបស់យើង"។
សូមបញ្ជាក់ថា បច្ចុប្បន្ន វិស័យកសិកម្ម រួមចំណែកដល់ផលិតផលក្នុងស្រុកសរុប ប្រមាណ២០ ភាគរយ ខណៈដែលវិស័យឧស្សាហកម្ម រួមចំណែក៣៨ ភាគរយនិងវិស័យសេវាកម្ម ២០ភាគរយ៕ អត្ថបទ៖ វណ្ណៈ