
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា នឹងធ្វើឲ្យកម្ពុជាអាចចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។ ការចាកចេញពីឋានៈប្រទេសតិចតួចនេះ នឹងធ្វើឧ្យកម្ពុជា បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ដូចជា EBA ជាដើម។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនិយោជិតនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធ EBA នៅសហគមន៍អឺរ៉ុបទាំងស្រុងនៅត្រឹមឆ្នាំ ២០២៦ ឬ ២០២៧។ ការបាត់បង់នេះគឺដោយសារកម្ពុជា មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចចំណូលប្រជាពលរដ្ឋបានកើនឡើង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ "EBA នឹងបាត់នៅពេលណាមួយដែលប្រទេសរបស់យើងដល់កម្រិតអភិវឌ្ឍន៍។ បើបាត់ពីឥឡូវក្នុងចំនួន២០ភាគរយ វាគង់តែបាត់ ១០០ភាគរយនៅពេលខាងមុខជាមិនខាន អាចប៉ាន់ប្រមាណថាឆ្នាំ ២០២៦ ឬ ២០២៧ ព្រោះប្រទេសរបស់យើងមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតទេ។ បន្តិចទៀត ប្រទេសកម្ពុជានឹងចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ដូច្នោះរកស៊ីត្រូវតែបង់ពន្ធឲ្យគ្នា ទៅវិញទៅមក"។
សម្ដេចបញ្ជាក់ថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើន។
សម្តេចតេជោ បញ្ជាក់ថា ចិនបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជា ក្នុងនោះបានទិញយកផលិតផលកសិកម្មកម្ពុជា១១មុខ រួមមាន៖ ចេក ស្វាយ ស្វាយចន្ទី ត្រីប្រាជាដើម។ ក្រៅពីនេះជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្រុមការងារជំនាញរបស់អង្គការសហប្រជាជាតិបានវាយតម្លៃលើកទី១ លើប្រទេសកម្ពុជា លើការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចកាលពីឆ្នាំ២០២១កន្លងទៅ ហើយការវាយតម្លៃលើកទីពីរ គ្រោងធ្វើឡើងនៅឆ្នាំ២០២៤ ខាងមុខ ៕អត្ថបទ៖ វណ្ណៈ