ឥណ្ឌា៖ ក្រុមការងារជួយសង្រ្គោះ បានរុករកអ្នករស់រាន និងសាកសពពេញមួយយប់ ក្រោយរថភ្លើង ៣ខ្សែបុកគ្នានៅរដ្ឋ Odisha ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៨៨នាក់ ។
ប្រតិបត្តិការរុករក និងជួយសង្រ្គោះទ្រង់ទ្រាយធំ ត្រូវបានបង្កើន ដោយមានបុគ្គលិកមកពីនាយកដ្ឋានពន្លត់អគ្គិភ័យ និងក្រុមមន្រ្តីនគរបាលរាប់រយនាក់ ក៏ដូចជាសុនខហិតក្លិន ។ ក្រុមកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បាននៅកន្លែងកើតហេតុផងដែរ។
អ្នករស់រានពីហេតុការណ៍រថភ្លើងបុកគ្នានេះ បាននិយាយថា ពួកគេបានឮសំឡេងយ៉ាងខ្លាំង ពេលដែលរថភ្លើងបុកគ្នា ។ លោក Saman Mistry គឺជាអ្នករស់រានម្នាក់ និងជាជាងគំនូរ និយាយថា លោកកំពុងទម្រេតខ្លួននៅលើគ្រែក្នុងរថភ្លើង ។ ពេលរថភ្លើងឈប់ ទើបលោកអាចចមកក្រៅបាន ។
អ្នកដំណើរប្រហែល ១ពាន់នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើននៅស្រុក Balasore, Mayurbhanj, Bhadrak, Jajpur និងស្រុក Cuttack ។
យោងតាមការអះអាងរបស់ក្រសួងផ្លូវដែកឥណ្ឌា បានឲ្យដឹងថា បណ្តាញផ្លូវដែករបស់ពួកគេ សម្របសម្រួលការដឹកជញ្ជូនអ្នកដំណើរប្រហែល ១៣លាននាក់ ជារៀងរាល់ថ្ងៃ ប៉ុន្តែការគ្រប់គ្រងផ្តាច់មុខដោយរដ្ឋ មានប្រវត្តិសុវត្ថិភាពពុំសូវល្អនោះទេ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកមានអាយុកាលប្រើប្រាស់យូរមកហើយ ៕
