អាមេរិក៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin និយាយថា លោកមានក្តីកង្វល់ជាខ្លាំងដោយសារតែការខ្វះឆន្ទៈរបស់ចិន ក្នុងការចូលរួមការគ្រប់គ្រងវិបត្តិយោធា ហើយលោកបានព្រមានថា កិច្ចពិភាក្សានេះមានសារៈសំខាន់ណាស់ដើម្បីចៀសវាងជម្លោះ ។

ថ្លែងនៅកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លោក Austinនិយាយថាច្រកប្រាស្រ័យទាក់ទំនងទំននៅបើកចំហរវាងក្រុមមេដឹកនាំយោធា និងការពារជាតិសហរដ្ឋអាមេរិក និងចិន គឺចាំបាច់ដើម្បីពង្រឹងផ្លូវការពារប្រឆាំងនឹងជម្លោះ ហើយនិងពង្រឹងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

មន្ទីរបច្ចកោណ បាននិយាយថា នៅក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិចិនលោក Li Shangfu បានបដិសេធន៍មិនទទួលយកការអញ្ជើញសម្រាប់ជំនួបជាមួយលោក Austinនៅកិច្ចប្រជុំកំពូលសន្តិសុខ ។ កាលពីថ្ងៃសុក្រកន្លងទៅ ប្រមុខការពារជាតិទាំង ២បានចាប់ដៃគ្នានៅក្រៅកិច្ចប្រជុំ ប៉ុន្តែពួកគេពុំបានផ្លាស់ប្តូរទស្សនៈអ្វីនោះឡើយ ។ លោក Li នឹងផ្តល់សុន្ទរកថាផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃអាទិត្យនេះ ។
គួរឲ្យដឹងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានឈានដល់ចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ស្របពេលដែលពួកគេនៅតែមានការបែងចែកខ្លាំងលើអ្វីៗគ្រប់បែបយ៉ាង ចាប់ពីអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ និងជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង ៕