
កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តអំពាវនាវដល់កម្មករ កម្មការិនី និយោជិតទាំងអស់ ខិតខំរួបរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងការអភិវឌ្ឍទៅមុខទៀត ខណៈប្រទេសកម្ពុជាមានប្រវត្តបែកបាក់ និងមានការលំបាកខ្លាំងណាស់ទម្រាំមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ គឺត្រូវបានខិតខំ និងលះបង់សាច់ស្រស់ ឈាមស្រស់ជាច្រើន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជាង ១ ម៉ឺន ៦ពាន់នាក់នៅរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ បានបញ្ជាក់ថា ការរក្សាបាននូវសុខសន្តិភាពរបស់ប្រទេសកម្ពុជា គឺជាការរក្សាបាននូវអ្វីៗគ្រប់បែបយ៉ាងដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍអ្វីឡើយ។
សម្តេចតេជោ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈកម្មករនិយោជិតទាំងអស់ ទៅដល់ឪពុកម្ដាយ អ្នកអាណាព្យាបាលកម្មករនិយោជិតទាំងអស់ដែលតែងតែគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ខណៈដែលឪពុកម្ដាយ និងអ្នកអាណាព្យាបាលមួយចំនួនរបស់កម្មករនិយោជិតនេះហើយ ក៏ជាអ្នកដែលជួយស្វែងរកសន្ដិភាពសម្រាប់ប្រទេសកម្ពុជាផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា