
កំពង់ស្ពឺ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា អ្នកដែលមានសមត្ថភាព និងការពារសន្ដិភាពបាន គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ គឺឱ្យតែអ្នកដឹកនាំចេញពីគណបក្សប្រជាជនគឺមានលទ្ធភាពការពារសន្ដិភាពឱ្យប្រទេសកម្ពុជាបានទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជាង ១ ម៉ឺន៦ពាន់នាក់នៅរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយគាំទ្របរទេសថា កុំល្ងង់ពេកគណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿងបោះឆ្នោតមួយប៉ុណ្ណោះទេ ប៉ុន្ដែគឺបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឱ្យតែនាយករដ្ឋមន្រ្ដីដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្ដីត្រូវបន្តធ្វើវេទិកាជួបជាមួយកម្មករកម្មការិនីបែបនេះ ដើម្បីបង្កើតជាវេទិកាក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករនិយោជិតទាំងអស់៕អត្ថបទ៖ វ៉ន ដារ៉ា