ស្វាយរៀង៖ ឯកឧត្តម លី ធុជ បានលើកឡើងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងអាណត្តិក្រោយៗទៀត គឺជាជម្រើសតែមួយគត់សម្រាប់ប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ។ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយមេគ្រួសារបក្សចំនួន ៥០៤ នាក់ នៅសង្កាត់ ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានបន្តទៀតថា មានតែសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបាននាំមកនូវការប្រែប្រួលយ៉ាងខ្លាំងដល់មុខមាត់ប្រទេសកម្ពុជា និងលើកកម្ពស់កិត្យានុភាពជាតិ ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក និងបានធ្វើឲ្យប្រជាជនកម្ពុជាទទួលបាននូវសុខដុមរមនាគ្រប់ៗគ្នា។
ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងមានស្វាមីភក្តិចំពោះការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ។
ពិធីសំណេះសំណាលនេះ មានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត សមាជិកបក្សខេត្ត ក្រុង សង្កាត់ សាខាបក្សភូមិ និងយុវជនគណបក្ស សរុបប្រមាណជា ៥៥០ នាក់៕




