ភ្នំពេញ៖ បន្ទាប់ពីបានទស្សនាផ្ទាល់នូវពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី៣ ខែមិថុនា បណ្តាភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសភ្ញៀវជាតិវ័យចំណាស់ បានបង្ហាញនូវការអបអរសាទរ និងមានមោទកភាពចំពោះជនមានពិការភាព ជាពិសេសបណ្តាអត្តពលិកកម្ពុជា ដែលអាចធ្វើបានគ្រប់យ៉ាង ជាពិសេសបានចូលរួមសំដែងសិល្បៈ និងប្រកួតកីឡា ដើម្បីដណ្តើមមេដាយជូនជាតិមាតុភូមិ ។
ភ្ញៀវជាតិ បានថ្លែងថា តាមរយៈពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ធ្វើឲ្យយើងទំាងអស់គ្នាមានអារម្មណ៍សប្បាយរីករាយ និងបង្កើនការគាំទ្រជនមានពិការភាពឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីឲ្យជនមានពិការភាពកម្ពុជា ចូលរួមធ្វើសកម្មភាពល្អៗជូនសង្គមជាតិ ជាពិសេសការប្រកួតកីឡាដណើ្តមមេដាយជូនជាតិមាតុភូមិយើងឲ្យបានច្រើន៕