មនុស្សរាប់រយនាក់បានតម្រង់ជួរដើម្បីបរិច្ចាគឈាមកាលពីថ្ងៃសៅរ៍ (៣ មិថុនា) ដើម្បីជួយដល់បណ្ដាអ្នករងរបួសក្នុងសោកនាដកម្មរថភ្លើងបុកគ្នាដែលបានឆក់យកជីវិតមនុស្សជិត៣០០នាក់។

អ្នកស្ម័គ្រចិត្តម្នាក់ឈ្មោះ Samarandan Das នៅតំបន់ Bhadrak បាននិយាយថា "គ្មានសេចក្តីសុខណានៅលើលោកនេះ ធំជាងការជួយសង្គ្រោះជីវិតនរណាម្នាក់ដោយការបរិច្ចាគឈាម នោះទេ ហើយនេះជាមូលហេតុដែលយើងស្ម័គ្រចិត្តមកបរិច្ចាគឈាម" ។
ក្រុមមន្ត្រីបានជូនដំណឹងថា រថយន្តគិលានសង្គ្រោះបន្ទាន់សរុបប្រមាណ ២០០ គ្រឿង ត្រូវបានដាក់ពង្រាយនៅទីតាំងគ្រោះថ្នាក់ ដែលក្នុងនោះរួមមានរថយន្តគិលានសង្គ្រោះខ្នាតធំលេខ-១០៨ ចំនួន ១៦៧ គ្រឿង និងរថយន្តគិលានសង្គ្រោះរបស់រដ្ឋាភិបាលចំនួន ២០ គ្រឿង រួមជាមួយក្រុមគ្រូពេទ្យចល័តចំនួន ៤៥ នាក់។
ទន្ទឹមនឹងនេះ រដ្ឋបានប្រកាសយកថ្ងៃសៅរ៍ជាថ្ងៃកាន់ទុក្ខរបស់រដ្ឋដែលជាការគោរពចំពោះជនរងគ្រោះក្នុងហេតុការណ៍រថភ្លើងបុកគ្នានោះ៕
