ភ្នំពេញ៖ ក្នុងរយៈពេល ៩ថ្ងៃនៃដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យយោធាបានចាក់ជូនប្រជាពលរដ្ឋជិត៤០ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ។
យោងតាមរបាយការណ៍របស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៃក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី០៩ ខែឧសភា មានប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមហើយបានចាក់វ៉ាក់សាំងចំនួន ៣៩៩,៦១៧នាក់។ ក្នុងនោះ ខណ្ឌមានជ័យ ចាក់បាន ៨៥,១១៧នាក់ ខណ្ឌដង្កោ ចាក់បាន ១០០,៩០៥នាក់ ខណ្ឌកំបូល ចាក់បាន ៧០,៨២៨នាក់ ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៣២,៦៨០នាក់ ខណ្ឌឫស្សីកែវ ចាក់បាន ៨,៩១៩នាក់ និងខណ្ឌទួលគោក ចាក់បាន ១,១៦៨។
លោកឧត្តមសេនីយ៍ទោ សែម រតនា ប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅសង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោក ជាទីតាំងមួយក្នុងចំណោមទីតាំងទាំង៦ដែលចាក់ដោយក្រុមគ្រូពេទ្យយោធា បានប្រាប់BTVថា ចំពោះបានអនុវត្តទៅដោយប្រក្រតី ក្រោមការសហការយ៉ាងល្អប្រសើរពីក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ទើបធ្វើឱ្យទីតាំងនៃសង្កាត់បឹងសាឡាងអាចចាក់ជូនប្រជាពលរដ្ឋចំនួនជាង១ពាន់នាក់ក្នុងមួយថ្ងៃ។
បន្ថែមពីលើនេះ លោកឧត្តមសេនីយ៍ទោ សែម រតនា បានអំណរគុណដល់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ចំពោះការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយការឆ្លងបន្ថែមទៀតនូវជំងឺកូវីដ១៩ និងជាការការពារសុវត្ថិភាពបន្ថែមជូនបងប្អូនប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ទោ ក៏អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការគ្នាឱ្យបានល្អបន្ថែមទៀត ដើម្បីធ្វើឱ្យការងារចាក់វ៉ាក់សាំងនេះ បានកាន់តែលឿន និងមានភាពល្អប្រសើរថែមទៀត ជាពិសេសប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំង តម្រូវឱ្យបំពេញកម្រងព័ត៌មានអត្តសញ្ញាណនៅតាមលំនៅឋានជាមុន ហើយពេលទៅចាក់ត្រូវយកភ្ជាប់ទៅជាមួយឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណជាដើម ដើម្បីឱ្យកិច្ចការនេះប្រព្រឹត្តទៅដោយរហ័ស និងមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ សេក ឧត្តម