ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានអំពាវនាវឱ្យទួរគី ទុកការខ្វែងគំនិតគ្នារបស់ពួកគេដោយឡែក ហើយផ្តោតលើអនាគតនៅពេលលោកចូលកាន់តំណែងសម្រាប់អាណត្តិប្រាំឆ្នាំថ្មីកាលពីថ្ងៃសៅរ៍ (៣ មិថុនា)នេះ ។

លោក Erdogan បានស្បថចូលកាន់តំណែងនៅក្នុងពិធីមួយនៅសភាក្នុងទីក្រុងអង់ការ៉ា ហើយក្រោយមកនឹងមានការតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ដែលត្រូវបានគេរំពឹងថានឹងបង្ហាញពីការផ្លាស់ប្តូរទិសដៅដែលអាចកើតមាននៅក្នុងគោលនយោបាយសេដ្ឋកិច្ច រួមទាំងការបញ្ចប់យុគសម័យនៃអត្រាការប្រាក់ទាប។

ក្នុងពិធីតែងតាំងនៅវិមានប្រធានាធិបតី លោក Erdogan បានបញ្ចេញសំឡេងផ្សះផ្សាដោយនិយាយថា «ទួរគីត្រូវការការរួបរួម និងសាមគ្គីភាពជាងពេលណាៗទាំងអស់»។
ពិធីនេះ មានការចូលរួមពីក្រុមមន្ត្រីជាន់ខ្ពស់មកពីបណ្ដាប្រទេស និងអង្គការអន្តរជាតិនានា រួមមានអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg, ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro, នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban និងនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyanផងដែរ៕