ភ្នំពេញ៖ នគរបាលក្រុងហូជីមិញ និងខេត្តឡុង អាង ប្រទេសវៀតណាម បានឧបត្ថម្ភសម្ភារៈសុខាភិបាល និងថវិកាមួយចំនួនជូននគរបាលរាជនីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈសម្ភារៈទាំងនេះ បានបង្ហាញនៅកិច្ចសហប្រតិបត្តិការរវាងនគរបាលប្រទេសទាំងពីរកាន់តែល្អប្រសើបន្ថែមទៀត។
ពិធីប្រគល់ និងទទួលសម្ភារៈសុខាភិបាល ដែលជាជំនួយរបស់នគរបាលវៀតណាមនេះ គឺបានធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភានេះ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវលិ៍ល ខេត្តស្វាយរៀង និងច្រកទ្វារព្រំដែនអន្តរជាតិ ប៊ិន ហៀប ខេត្តឡុងអាង ដោយគណៈប្រតិភូនគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជីវ លី ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំណែកភាគីនគរបាលក្រុងហូជីមិញ និងនគរបាលខេត្ត ឡុង អាង ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី កៅ ដាំងហឹក ស្នងការរងនគរបាលក្រុងហូជីមិញ។
ថ្លែងនៅក្នុងពិធីប្រគល់ និងទទួលនោះ លោក ឧត្តមសេនីយ៍ត្រី កៅ ដាំងហឹក ស្នងការរងនគរបាលក្រុងហូជីមិញ បានលើកឡើថា ការឧបត្ថម្ភនូវគ្រឿងសម្ភារៈសុខាភិបាល និងថវិកានៅពេលនេះ គឺជាការបង្ហាញនូវការបង្កើនកិច្ចសហប្រតិបត្តិការរឹតចំណងមិត្តភាពសាមគ្គីភាព រវាងនគរបាលទាំងពីរ ឱ្យកាន់តែរឹងមាំ និងការចែករំលែកបទពិសោធន៍សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលជំងឺកូវីដ-១៩ កំពុងប្រឈមចំពោះមុខ នៃការរាតត្បាត នៅក្នុងប្រទេសទាំងពីរនោះ។
លោកឧត្តមសេនីយ៍ត្រី ក៏បានលើកឡើងទៀតថា នគរបាលកម្ពុជា និងនគរបាលវៀតណាម កន្លងមក បានសហការគ្នាយ៉ាងល្អក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ មិនឱ្យឆ្លងចូលទៅវិញទៅមករវាងប្រទេសទាំងពីរនោះឡើយ ហើយជាងនេះថែមទៀត លោក ក៏បានជម្រាបជូនកម្ពុជាឱ្យដឹងអំពីសភាពការណ៍ជំងឺឆ្លងកូវីដ១៩ នៅក្នុងប្រទេសវៀតណាមបច្ចុប្បន្ននេះ នៅតែមានកត្តាស្មុគស្មាញច្រើន ហើយការឆ្លងចូលក្នុងសហគមន៍ អាចផ្ទុះឡើងគ្រប់ពេលនិងគ្រប់ទីកន្លែង ហើយកម្លាំងនគរបាលប្រទេសវៀតណាមទាំងមូលបាននៅឈរជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។
ថ្លែងនៅក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី ជីវ លី ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះនគរបាលប្រទេសវៀតណាម ដែលបានបរិច្ចាគនូវសម្ភារៈសុខាភិបាល និងថវិកាមួយចំនួន ជូនដល់នគរបាល រាជធានីភ្នំពេញ និង នគរបាលខេត្តទាំង២ ស្វាយរៀង ព្រៃវែង ដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់កងកម្លាំងនគរបាលកម្ពុជា ប្រើប្រាស់បង្ការកូវីដ១៩ ទន្ទឹមដែលនគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង កំពុងបំពេញភារកិច្ចយ៉ាងសកម្ម ចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍នេះ។
សូមបញ្ជាក់ថា សម្ភារៈសុខាភិបាលដែលនគរបាលក្រុងហូជីមិញ សហការជាមួយនគរបាលខេត្តឡុង អាង ឧបត្ថម្ភជូននោះរួមមាន៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលបានម៉ាស់ចំនួន១២កេសធំ ស្មើនឹង៣ម៉ឺនម៉ាស់ ថ្នាំសម្លាប់មេរោគចំនួន៣០ធុង ថវិកាចំនួន២០០លានដុង និងឯកសណ្ឋានមួយចំនួន។ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្នុងមួយខេត្ត ទទួលបានម៉ាស់ ៤កេសធំ, ថ្នាំសម្លាប់មេរោគ២០ធុង និងថវិកា ១០០លានដុង វៀតណាម៕ អត្ថបទ៖ បាន ចក់