ឥណ្ឌា៖ ក្រុមមន្ត្រីផ្លូវដែក បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតលើប្រព័ន្ធគ្រប់គ្រងផ្លូវរថភ្លើងអេឡិចត្រូនិក ដែលពួកគេសង្ស័យថាប្រព័ន្ធគ្រប់គ្រង បានដំណើរការខុសប្រក្រតីនិងបណ្ដាលឲ្យកើតមានឧបទ្ទវហេតុរថភ្លើងបុកគ្នាដ៏មហន្តរាយបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ។

មនុស្សយ៉ាងហោចណាស់២៧៥នាក់ បានស្លាប់ កាលពីថ្ងៃសុក្រ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយខ្សែបានបុកជាមួយរថភ្លើងដឹកទំនិញចតនៅស្ងៀម និងបានធ្លាក់ចេញពីផ្លូវ និងទៅបុករថភ្លើងដឹកអ្នកដំណើរមួយខ្សែទៀត ដែលកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នានៅក្នុងរដ្ឋ Odisha ភាគខាងកើត។
នៅក្នុងការផ្ដល់របាយការណ៍លម្អិតដំបូងរបស់ខ្លួន ក្រុមមន្ត្រីផ្លូវដែកឥណ្ឌា បាននិយាយថា បញ្ហាប្រព័ន្ធគ្រប់គ្រងផ្លូវ ជាមូលហេតុសំខាន់សម្រាប់គោលដៅនៃការស៊ើបអង្កេតនេះ ។
លោក Sandeep Mathur នាយកប្រតិបត្តិ គ្រប់គ្រងការផ្ដល់សញ្ញារថភ្លើង បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថាប្រព័ន្ធគ្រប់គ្រងផ្លូវ គ្រប់គ្រងដោយកុំព្យូទ័រ ដែលគេហៅថាប្រព័ន្ធការភ្ជាប់គ្នា ដឹកនាំរថភ្លើងនានាចូលទៅកាន់ផ្លូវទំនេរ ជាទីដែលផ្លូវទាំង២ប្រសព្វគ្នា ។
លោកថាប្រព័ន្ធនេះ ក៏ជួយសម្របសម្រួល និងគ្រប់គ្រងសញ្ញាលើរថភ្លើងដែលកំពុងមកដល់ផងដែរ ដែលនឹងបង្ហាញថាតើ រថភ្លើងនេះគួរទៅមុខត្រង់ឬ ផ្លាស់ប្ដូរផ្លូវថ្មី ឬ អត់៕
