ចិន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Li Shangfu បានប្រាប់កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី កាលពីថ្ងៃអាទិត្យថា ជម្លោះជាមួយសហរដ្ឋអាមេរិក នឹងក្លាយជាគ្រោះមនហន្តរាយដែលគេមិនចង់ឃើញ ប៉ុន្តែ ថា ប្រទេសរបស់លោកនឹងតែងស្វែងរកការសន្ទនាជុំវិញការប្រឈមដាក់គ្នា។

ថ្លែងនៅឯកិច្ចសុន្ទនា Shangri-La នៅក្នុងប្រទេសសិង្ហបុរី លោក Li បាននិយាយថា ពិភពលោកនេះធំល្មមឲ្យចិន និងអាមេរិក រីកចម្រើនជាមួយគ្នាបាន ដែលការអត្ថាធិប្បាយទាំងនេះ បានធ្វើឡើង បន្ទាប់ពីលោកបានបដិសេធមិនជួបសមភាគីអាមេរិករបស់លោកសម្រាប់ការពិភាក្សាដោយផ្ទាល់។
លោកបាននិយាយនៅក្នុងសុន្ទរកថាមួយដែលបានធ្វើឡើងក្នុងសុន្ទរកថាជាអន្តរជាតិដ៏សំខាន់លើកដំបូងរបស់លោកចាប់តាំងពីត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសចិនកាលពីខែមីនា មកថា ប្រទេសចិន និងសហរដ្ឋអាមេរិក មានប្រព័ន្ធខុសគ្នា និងមានការខ្វែងគំនិតគ្នាជាច្រើន ។

លោក ថា ប៉ុន្តែបញ្ហានេះ នឹងមិនធ្វើឲ្យភាគីទាំង២នៅឆ្ងាយពីគ្នាក្នុងការស្វែងរកដំណោះស្រាយរួមនិងផលប្រយោជន៍រួមដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនោះទេ។ នេះ ជារឿងមិនអាចប្រកែកបានថា ជម្លោះ និងការប្រឈមដាក់គ្នាមួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិក នឹងក្លាយជាគ្រោះមហន្តរាយដែលគេមិនចង់បានសម្រាប់ពិភពលោកនេះ។
គួរឲ្យដឹងថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និង ប៉េកាំង ត្រូវបានប៉ះទង្គិចខ្លាំង ជុំវិញបញ្ហាជាច្រើន រួមទាំងបញ្ហាកោះតៃវ៉ាន់ ជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង និងការរឹតត្បិតរបស់លោកប្រធានាធិបតី Joe Biden លើការនាំចេញបន្ទះអេឡិចត្រូនិក៕