
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចកំពុងមានការស្រមើស្រមៃថា នឹងមានថ្ងៃណាមួយអាស៊ាននឹងធ្វើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោក( World Cup)ជាក់ជាមិនខាន ហើយសម្តេចក៏ចង់ឲ្យមានក្រុមបាល់ទាត់មួយក្រុមដោយកីឡាករខ្លាំងៗពីប្រទេសនីមួយៗនៅក្នុង តំបន់អាស៊ានដាក់បញ្ចូលគ្នា ដើម្បីចូលរួមប្រកួតលំដាប់ពិភពលោកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនរំពឹងថាកីឡាករនៅបណ្តាប្រទេសនីមួយៗ នៅ ក្នុងតំបន់អាស៊ាននេះអាចយកឈ្នះកីឡាករគេនោះទេ ដូច្នេះគប្បីឲ្យមានការរួមបញ្ចូលគ្នាជាក្រុមមួយពិត ល្អ ខណៈសព្វថ្ងៃនេះអាស៊ានមានប្រទេសចំនួន១១ហើយបូករួមទាំងប្រទេសទីម័រខាងកើតនោះ។
ការថ្លែងរបស់សម្តេចបែបនេះ គឺបានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត៦ពាន់នាក់ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលមហាសន្និបាទកោះពេជ្យ៕អត្ថបទ៖ បាន ចក់