កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បាននិយាយនៅថ្ងៃចន្ទនេះថា លោកស្វាគមន៍យុទ្ធសាស្ត្រដោះស្រាយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន លើការរំសាយអាវុធនុយក្លេអ៊ែរនៅតំបន់ឧបទ្វីបកូរ៉េ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាកិច្ច៤ឆ្នាំ នៃការឡើងកាន់អំណាចរបស់លោក លោកមូន បាននិយាយថា យុទ្ធសាស្ត្រដែលនឹងលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-កូរ៉េខាងត្បូងក្នុងខែឧសភានេះ នឹងស្តាឡើងវិញការចរចារវាងប្រទេសបងប្អូនកូរ៉េទាំង២ ហើយនិងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើង មិនបានឆ្លើយតបផ្លូវការណាមួយនោះទេ ចំពោះទស្សនៈការទូតកូរ៉េខាងជើងរបស់រដ្ឋបាលលោកបៃដិន ប៉ុន្តែ កាលពីសប្តាហ៍មុនក្រសួងការបរទេសរបស់ពួកគេ បានធ្វើការព្រមានទីក្រុងវ៉ាស៊ីងតោន ពីស្ថានភាពគ្រោះថ្នាក់បំផុត ខណៈដែលពួកគេ បានរិះគន់ផងដែរលោកបៃដិន សម្រាប់ការចាត់ទុកកម្មវិធីនុយក្លេអ៊ែររបស់ពួកគេថា ការគំរាមកំហែងសន្តិសុខធ្ងន់ធ្ងរនោះ។
កាលពីខែមករាកន្លងទៅ មេដឹកនាំរបស់រដ្ឋឯកាមួយនេះ គឺលោក គីម ជុងអ៊ុន បាននិយាយថា ជោគវាសនាទំនាក់ទំនងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នឹងអាស្រ័យលើទីក្រុងវ៉ាស៊ីងតោន ដែលត្រូវបោះបង់ចោលគោលនយោបាយអរិភាពមកលើទីក្រុងព្យុងយ៉ាង ។ កូរ៉េខាងជើង ចង់ឲ្យសហរដ្ឋអាមេរិក ដកចេញទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួន និងធានាឲ្យបានសន្តិសុខជាតិ៕ អត្ថបទ៖ សារ៉ាត់