ឧត្តរមានជ័យ៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៣ បានជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកអតីតយុទ្ធជនកម្ពុជា ស្រុកត្រពាំងប្រាសាទ ចំនួន ៥៥២នាក់។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនអតីតយុទ្ធជន ដែលបានចូលរួមនាឱកាសនេះ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ដោយសារគុណបំណាច់ដ៏ថ្លៃថ្លារបស់បងប្អូនអតីតយុទ្ធជនដែលកន្លងមក ដែលហ៊ានពលីកម្មគ្រប់បែបយ៉ាងទើបអាចរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឲ្យប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចំរើនរហូតដល់សព្វថ្ងៃនេះ ដូច្នេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់គ្រឿងឥស្សរិយយសជូនដល់បងប្អូនអតីតយុទ្ធជនក្នុងស្រុកត្រពាំងប្រាសាទ ចំនួន៥៥២នាក់ រួមជាមួយថវិការចំនួនផងដែរ ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់បងប្អូនអតីតយុវជនទាំងអស់សូមកុំអស់សង្ឃឹម ព្រោះថាប្រមុខរាជរដ្ឋាភិបាលសព្វថ្ងៃខិតខំយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនអតីតយុទ្ធជន និងសូមកុំជឿតាមពាក្យភូតកុហកពីជនមួយចំនួនតូចនៅក្រៅប្រទេសដែលតែងតែនិយាយបំភ្លៃព័ត៌មានថាកម្ពុជាសព្វថ្ងៃគ្មានការរើកចម្រើន៕ ដោយ ÷ ឧត្តម









