ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទ (ទី៥ ខែមិថុនា) នេះ ថា កងកម្លាំងនៃកងនាវាប៉ាស៊ីហ្វិករបស់ប្រទេសរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធ នៅក្នុងដែនទឹកនៃសមុទ្រជប៉ុន និងសមុទ្រ Okhotsk ដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី២០ ខែមិថុនា។

ក្រសួងបានឲ្យដឹងនៅលើកម្មវិធីផ្ញើសារនៃបណ្ដាញសង្គម Telegram ថា៖ «នាវាចម្បាំង និងនាវាគាំទ្រជាង ៦០គ្រឿង យន្តហោះអាកាសចរណ៍កងទ័ពជើងទឹកប្រហែល ៣៥គ្រឿង កងល្បាតឆ្នេរសមុទ្រ និងបុគ្គលិកយោធាជាង ១១.០០០នាក់ បានចូលរួមនៅក្នុងសមយុទ្ធនៃកងនាវាចរប៉ាស៊ីហ្វិកនេះ»។
រូបភាពវីដេអូដែលបានចេញផ្សាយ នៅថ្ងៃចន្ទនេះ ដោយក្រសួង បានបង្ហាញពីនាវាកងទ័ពជើងទឹកជាច្រើនគ្រឿងធ្វើដំណើរចេញពីកំពង់ផែ ក្នុងទីក្រុង Vladivostok ហើយសមយុទ្ធកងទ័ពជើងទឹក កំពុងធ្វើឡើងនៅសមុទ្រ។
សមយុទ្ធនេះ កើតឡើងចំពេលដែលរុស្ស៊ី ធ្វើសង្រ្គាមនៅប្រទេសអ៊ុយក្រែន នៅពេលដែលប្រទេសមហាអំណាចមួយនេះ បានបញ្ជូនទ័ពចូលវាយលុកអ៊ុយក្រែនជាលើកដំបូង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំមុន៕
