នៅរសៀលមួយ មានសិស្សរាប់សិបនាក់នៅឯថ្នាក់រៀនក្នុងវិទ្យាស្ថានសិល្បៈតូក្យូ ប្រទេសជប៉ុន បានលើកកញ្ចក់ឆ្លុះមុខរបស់ពួកគេ ខណៈព្យាយាមហើបមាត់ឡើងលើ ក្នុងមេរៀនបន្ទាប់បន្សំមួយដែលមិនមែននៅក្នុងកម្មវិធីសិក្សាតាមធម្មតារបស់ពួកគេឡើយ ពោលគឺថ្នាក់រៀនញញឹម។

និស្សិតនានាមកពីបណ្ឌិត្យសភាវិចិត្រសិល្បៈនិងចេញគំរូ Sokei ស្ថិតក្នុងចំណោមអតិថិជនចុងក្រោយបង្អស់របស់អ្នកស្រី Keiko Kawano នៅក្រុមហ៊ុន Egaoiku ឬមានន័យថា "ការអប់រំញញឹម" ដែលសេវាកម្មរបស់ពួកគេទទួលបានការចាប់អារម្មណ៍ជាខ្លាំង ខណៈដែលជនជាតិជប៉ុនកាន់តែច្រើនបានឈប់ពាក់ម៉ាស់នៅក្នុងសម័យកាលក្រោយកូវីដ។
សូម្បីតែមុនពេលជំងឺរាតត្បាតកើតឡើងក៏ដោយ ការពាក់ម៉ាស់នៅក្នុងប្រទេសជប៉ុន គឺជារឿងធម្មតាសម្រាប់មនុស្សជាច្រើនក្នុងរដូវជំងឺគ្រុនក្តៅ និងពេលពិនិត្យសុខភាព ដោយសារតែការព្រួយបារម្ភអំពីការធ្លាក់ខ្លួនឈឺរបស់ពួកគេ។
ទោះបីជារដ្ឋាភិបាលបានដកអនុសាសន៍របស់ខ្លួនលែងឲ្យមានការពាក់ម៉ាស់កាលពីខែមីនាក៏ដោយ ក៏មនុស្សជាច្រើននៅតែពាក់ម៉ាស់ដដែល។
ការស្ទង់មតិដោយទូរទស្សន៍សាធារណៈ NHK កាលពីខែឧសភា បានបង្ហាញថា ៥៥% នៃជនជាតិជប៉ុននិយាយថាពួកគេពាក់ម៉ាស់ជាញឹកញាប់ដូចកាលពីពីរខែមុនដែរ។ មានតែមនុស្ស ៨% ប៉ុណ្ណោះដែលនិយាយថាពួកគេបានឈប់ពាក់ម៉ាស់។ នោះជាហេតុនាំឱ្យមានការបង្ហាញមុខ និងស្នាមញញឹមឱ្យអ្នកដទៃឃើញតិចជាងមុន៕
