
នៅថ្ងៃចន្ទ (៥ មិថុនា)នេះ ក្រុមកម្មករជួយសង្គ្រោះឥណ្ឌា កំពុងធ្វើការជួសជុលខ្សែផ្លួវរថភ្លើងបន្ទាប់ពីឧបទ្ទវហេតុផ្លូវដែកដ៏មហន្តរាយបំផុតរបស់ប្រទេសនេះក្នុងរយៈពេលជាងពីរទសវត្សរ៍ ដោយបញ្ហាបច្ចេកទេសគឺទំនងជាមូលហេតុនៃឧបទ្ទវហេតុដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២៨៨នាក់នេះ។
ក្នុងខ្សែវីដេអូដែលបានចាក់ផ្សាយដោយសារព័ត៌មាន រ៉យទ័រ បានបង្ហាញក្រុមកម្មករ និងគ្រឿងចក្រអេស្កាវ៉ាទ័រមួយគ្រឿង កំពុងជួសជុលផ្លូវឆ្លងកាត់ ខណៈដែលរថភ្លើងទាំងនេះ បានធ្វើដំណើរឆ្លងកាត់នោះ។
មានមនុស្សជិត ១.២០០ នាក់បានរងរបួសផងដែរនៅពេលដែលរថភ្លើងដឹកអ្នកដំណើរបានបុករថភ្លើងដឹកទំនិញដែលចតចោលកាលពីថ្ងៃសុក្រ (២ មិថុនា) ដោយបានខ្ទាតចេញពីផ្លូវហើយបានទៅបុករថភ្លើងអ្នកដំណើរមួយទៀតដែលកំពុងឆ្លងកាត់ក្នុងទិសដៅផ្ទុយគ្នានៅជិតតំបន់បាឡាស័រ (Balasore)។
លោក Jaya Varma Sinha សមាជិកក្រុមប្រឹក្សាផ្លូវដែក បាននិយាយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា រថភ្លើងដែលធ្វើដំណើរឆ្ពោះទៅទីក្រុង Chennai ពីទីក្រុង Kolkata បានប្ដូរទិសដៅចេញពីផ្លូវដែកដែលត្រូវធ្វើដំណើរ ហើយចូលទៅផ្លូវម្ខាងទៀតដែលប្រើដើម្បីចតរថភ្លើង មុនពេលបុកជាមួយរថភ្លើងដឹកទំនិញផ្សេងទៀតនៅទីនោះ៕
