ព្រះសីហនុ៖ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥៦៧នាក់ ស្រី៣៩១នាក់ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បន្តយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ-១៩ ចាប់ពីដូសទី១ រហូតដល់ដូសទី៦ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន៨៦៧៩នាក់ ក្នុងនោះស្ត្រី៥៩០១នាក់។
នាឱកាសនោះឯកឧត្តម សូ ខនឫទ្ធីគុណ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រៃនប់ និងជាបេក្ខជនពេញសិទ្ធិតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងរួមគ្នាថា ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានមកបោះទីតាំងនៅក្នុងវិទ្យាល័យវាលរេញ ហើយសកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ហើយពុក ម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងទទួលបានសេវាថែទាំសុខភាពពីគ្រូពេទ្យដែលមានជំនាញឯកទេសច្បាស់លាស់ និងទទួលយកការព្យាបាលនេះ ឲ្យទទួលជោគជ័យ។
ចំណែកប្រជាពលរដ្ឋ មកទទួលសេវាថែទាំសុខភាពពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ពិតជាមានក្តីរំភើបរីករាយ ពិសេសគោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ដើម្បីធ្វើឲ្យពួកគាត់មានសុខភាពល្អ។
ក្នុងដំណើរបេសកកម្មសប្បុរសធម៌នេះឯកឧត្តម លេង ផាលី បានថ្លែងថា រយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ៤ មិថុនា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន១២,០៦៩នាក់ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត បានចំនួន១០៧២លើក ព្យាបាលជំងឺបានចំនួន ១១,៧៦០,១៩២នាក់ (ដប់មួយលាន ចិតសិបប្រាំមួយម៉ឺន មួយរយ កៅសិបពីរ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,០០៥,៧៩១នាក់ (ប្រាំមួយលាន ប្រាំពាន់ ប្រាំពីររយ កៅសិបមួយ នាក់) គិតត្រឹម ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៣ បានចំនួនបានចំនួន ២ភាគ ៣ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,០៩១,៤៦៤នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។
និយាយដោយឡែកក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៥៦៦,២៣១ដូស (ដប់លានហាសិបប្រាំមួយម៉ឺនប្រាំមួយពាន់ពីររយសាមសិបមួយ ដូស)ក្នុង ២៥ រាជធានី-ខេត្ត៕ អត្ថបទ រដ្ឋា