
ទីក្រុង Leposavic ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកូសូវ៉ូ នៅថ្ងៃចន្ទ (ទី៥ ខែមិថុនា)នេះ ឃើញថា នៅតែមានសភាពស្ងប់ស្ងាត់ធម្មតា ពោលគឺរយៈពេលមួយសប្តាហ៍ បន្ទាប់ពីកើតមានភាពតានតឹង រហូតឈានដល់អំពើហិង្សា នៅពេលដែលអភិបាលក្រុងជនជាតិអាល់បានីចូលកាន់តំណែង នៅក្នុងក្រុងដែលមានប្រជាជនស៊ែរប៊ីរស់នៅភាគច្រើន។
សម្រាប់ការបោះឆ្នោតក្នុងតំបន់ កាលពីខែមេសា ប្រជាជនស៊ែរប៊ីភាគច្រើន បានធ្វើពហិការមិនចូលរួមនោះទេ ដែលនាំឲ្យអភិបាលក្រុង ត្រូវបានជ្រើសរើស ជាមួយនឹងចំនួនអ្នកទៅបោះឆ្នោតតិចជាង ៤ភាគរយ។
កងកម្លាំងរក្សាសន្តិភាពនៅកូសូវ៉ូ (KFOR) កំពុងតែយាមកាមសាលាក្រុងនោះ ជាកន្លែងដែលអភិបាលក្រុងជាប់ឆ្នោត មានឈាមជ័រអាល់បានី កំពុងស្ថិតនៅនិងបំពេញការងារ។
កងរក្សាសន្តិភាពរបស់សម្ព័ន្ធភាពណាតូ (NATO) ៣០នាក់ និងជនជាតិស៊ែរប៊ី ៥២នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃទី២៩ ខែឧសភា ដែលបានជំរុញឲ្យណាតូ (NATO) ប្រកាសពីការដាក់ពង្រាយកងទ័ពបន្ថែមពីលើចំនួន ៧០០នាក់ ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសតំបន់បាល់កង់ (Balkan) រួចហើយ ដើម្បីពង្រឹងបេសកកម្មរបស់ខ្លួនដែលកងកម្លាំងរហូតដល់៤.០០០នាក់។
ការសម្រេចរបស់នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ក្នុងការដំឡើងអភិបាលក្រុងថ្មីនេះ ត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
កូសូវ៉ូបានប្រកាសឯករាជ្យជិតមួយទសវត្សរ៍មកហើយ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អង្គការណាតូ បានបណ្ដេញនគរបាល និងកងទ័ពស៊ែរប៊ីចេញពីអតីតខេត្តរបស់ខ្លួន តែប្រទេសស៊ែរប៊ី និងប្រជាជនស៊ែរប៊ីប្រមាណ ៥០.០០០នាក់ នៅភាគខាងជើងកូសូវ៉ូ មិនទទួលស្គាល់រដ្ឋាភិបាលរដ្ឋធានី Pristina នោះទេ ហើយនៅតែយល់ថា កូសូវ៉ូជាផ្នែកមួយនៃប្រទេសស៊ែរប៊ី៕
