ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានច្រានចោលផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា Cambodia Weather Service ដោយបានបង្ហោះព័ត៌មានមួយចំនួនស្តីពីស្ថានភាពអាកាសធាតុដែលមិនត្រឹមត្រូវនាំអោយមានការយល់ច្រឡំពីប្រជាពលរដ្ឋទូទៅ។
នៅក្នុងនោះដែរក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់ថា សម្រាប់ស្ថានភាពទូទៅ ក៏ដូចជាស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្រសួងធនធានទឹក និង ឧតុនិយម ដែលជាស្ថាប័នរដ្ឋតែមួយគត់របស់រាជរដ្ឋាភិបាល តែងតែចេញផ្សាយ តាមរយៈសេចក្តីជូនដំណឹង ឬ សេចក្តីប្រកាសព័ត៌មាន និងបង្ហោះតាមផេកផ្លូវការរបស់ក្រសួងដែលមានឈ្មោះផ្លូវការថា “ ក្រសួងធនធានទឹក និង ឧតុនិយម/ Misnistry of water Resources and Meteorology” ដូច្នេះរាល់ផេកទាំងឡាយ ឬ គណនីយហ្វេសប៊ុកណាដែលបានបង្ហោះ និង ធ្វើការផ្សព្វផ្សាយពីស្ថានភាពអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា មិនមែនជាការពិតនោះឡើយ សូមប្រជាពលរដ្ឋកុំមានការភន្ត័ច្រឡំ។
តាមរយៈការផ្សព្វផ្សាយព័ត៌មានអាកាសធាតុ ដែលមិនមែនជាស្ថាប័នទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម សូមច្រានចោលទាំងស្រុង និង មិនទទួលខុសត្រូវនោះឡើយ និង ចាត់ទុកថា ជាចេតនាមួយរបស់ជនអនាមិកទាំងនោះ នាំអោយមានការយល់ច្រឡំ និងបង្កចលាចល លើស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ។
ក្រសួងធនធានទឹក និង ឧតុនិយម នឹងមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលនៅតែបន្តបង្ហោះផ្សព្វផ្សាយព័ត៌មាន ស្តីពីស្ថានភាពអាកាសធាតុ មិនពិតនោះ ក្នុងបំណងទុច្ចរិតណាមួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬ ដើម្បីបំភាន់មតិសាធារណៈជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ៕
អត្ថបទ៖ ដាវណ្ណ