
បុរីវ៉ាទីកង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំសាសនាកាតូលិកអ៊ីតាលីបព្វជិតជាន់ខ្ពស់ Matteo Zuppi ដែលត្រូវបានប្រគល់ភារកិច្ចដោយសម្តេចប៉ាប Francis ក្នុងការបំពេញបេសកកម្មសន្តិភាពដើម្បីព្យាយាមជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នឹងធ្វើទស្សនកិច្ចនៅរដ្ឋធានី Kyiv ប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទ (៥ មិថុនា)នេះ និងថ្ងៃអង្គារ (៦ មិថុនា)។
ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានចាប់ផ្តើមកាលខែកុម្ភៈ ឆ្នាំ ២០២២ មកសម្តេចប៉ាប Francis និងបុរីវ៉ាទីកង់ បានព្យាយាមបង្ហាញជំហរជាអ្នកចរចារសន្តិភាព ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះ ការខិតខំប្រឹងប្រែងទាំងនោះ មិនទាន់បានទទួលជោគជ័យឡើយ។
បព្វជិត Zuppi មកពីសហគមន៍សាសនា Sant' Egidio ជាក្រុមសន្តិភាព និងយុត្តិធម៌មានមូលដ្ឋាននៅទីក្រុងរ៉ូម ដែលកាលឆ្នាំ ១៩៩២ បានចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមស៊ីវិល នៅប្រទេសម៉ូហ្សមប៊ិក ដែលបានសម្លាប់មនុស្សប្រហែលមួយលាននាក់ និងបានជម្លៀសខ្លួនប្រហែល ៤ លាននាក់។
សម្តេចប៉ាប បានតែងតាំងបព្វជិត Zuppi ឲ្យក្លាយជាមេដឹកនាំសាសនាកាតូលិកកាពីឆ្នាំ ២០១៩ ហើយលោកត្រូវបានជ្រើសរើសជាប្រធាន នៃសន្និសីទគ្រឹស្តសាសនាអ៊ីតាលីកាលពីឆ្នាំមុន៕
