
ក្រុមបច្ចេកវិទ្យារបស់ស្វីសនិយាយថា យាន្តដ្រូនយន្តក្រោមទឹករបស់ពួកគេអាចធ្វើឲ្យការស្វែងរក និងជួយសង្គ្រោះអ្នកមុជទឹករួចផុតពីស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងសម្រាប់មនុស្សបាន។ យាន្តក្រោមទឹកស្វ័យចល័តដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ប្រើប្រាស់ក្នុងស្ថានភាពគ្រោះថ្នាក់ ឬបរិស្ថានមានហានិភ័យខ្ពស់ដូចជា ទន្លេឬព្រែកទឹកហូរខ្លាំង ឬលំហូរជោរនាចជាដើម។
រូបយន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Tethys ត្រូវបានបំពាក់ដោយកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាសូរស័ព្ទ ហើយអាចធ្វើការស្វែងរកក្នុងតំបន់ធំៗក្រោមទឹក ដោយស្វ័យភាពទាំងស្រុង ឬប្រើប្រព័ន្ធទូរបញ្ជា។ នៅពេលដែលរូបយន្តនោះ បានរកឃើញគោលដៅហើយ ប្រតិបត្តិករអាចគ្រប់គ្រង និងបញ្ជារូបយន្តមុជទឹកនោះឱ្យទៅយក ឬគ្រាន់តែពិនិត្យមើលគោលដៅ។ រូបយន្តរបស់ក្រុមហ៊ុន Tethys អាចផ្ទុកទម្ងន់បានដល់ទៅ ៤០ គីឡូក្រាមត្រឡប់មកកាន់ផ្ទៃខាងលើវិញ។
ក្រុមការងារបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្ត ដើម្បីកែសម្រួលកម្មវិធីសម្គាល់មុខងារអាចមើលឃើញ ដើម្បីធ្វើការជាមួយឧបករណ៍ចាប់សញ្ញាសំឡេងក្រោមទឹកក្នុងការទប់ទល់នឹងលទ្ធភាពមើលឃើញមានដែនកំណត់នៅក្រោមទឹក។
រូបយន្តក្រោមទឹក ត្រូវបានប្រើប្រាស់រួចមកហើយដោយក្រុមអាជ្ញាធរក្នុងតំបន់មួយចំនួនសម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះក្រោមទឹក ហើយបណ្ដាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា ETH Zurich បច្ចុប្បន្ននេះកំពុងស្វែងរកដៃគូក្នុងវិស័យអធិការកិច្ចឧស្សាហកម្ម៕
