
នៅថ្ងៃចន្ទ (៥ មិថុនា)នេះ ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាឥណ្ឌូនេស៊ីរាប់រយនាក់ បានជំរុញឱ្យសមាជិកសភាបញ្ឈប់ការពិភាក្សាលើការកែប្រែដែលបានស្នើឡើងចំពោះច្បាប់ថែទាំសុខភាព ដោយពួកគេបាននិយាយថានឹងកាត់បន្ថយការការពារសម្រាប់ក្រុមអ្នកថែទាំផ្នែកវេជ្ជសាស្ត្រ។
ប្រធានសមាគមវេជ្ជសាស្ត្រឥណ្ឌូនេស៊ី លោក Mohammad Adib Khumaidi ដែលបានចូលរួមការតវ៉ានៅខាងក្រៅសភា បាននិយាយថា "ដំណើរការតាក់តែងច្បាប់មិនមានតម្លាភាព ហើយមានឧទាហរណ៍ជាច្រើននៃផលប្រយោជន៍របស់ប្រជាជនដែលនៅតែមិនត្រូវបានដាក់បញ្ចូលនៅក្នុងសេចក្ដីស្នើច្បាប់នេះ" ។
សភារបស់ប្រទេសឥណ្ឌូនេស៊ីកាលពីខែកុម្ភៈបានស្នើការកែប្រែជាច្រើនចំពោះច្បាប់ថែទាំសុខភាពបច្ចុប្បន្ន រួមទាំងការផ្តល់ភាពងាយស្រួលដល់អ្នកជំងឺក្នុងការបញ្ចូនបទចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលិកថែទាំសុខភាពពីបទប្រព្រឹត្តខុស និងអនុញ្ញាតឱ្យមានអ្នកជំនាញបរទេសជំនួសឲ្យកង្វះបុគ្គលិកនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយថា ការកែប្រែគឺចាំបាច់ដើម្បីសម្រួលដល់ច្បាប់បច្ចុប្បន្ន។ គេមិនទាន់ដឹងច្បាស់ថានៅពេលណាដែលសភានឹងបញ្ចប់ការតាក់តែងច្បាប់នេះនោះទេ៕
