ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាននានាមានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ទាំងការរស់នៅ ទាំងស្ថានភាពគ្រួសារ។
ជាក់ស្តែងបើយើងក្រឡេកទៅមើលនៅឯមូលដ្ឋានសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៍មានភាពល្អប្រសើរជាងមុនផងដែរ ។ ដែលតំបន់នេះពីមុន ប្រជាពលរដ្ឋភាគច្រើន ប្រកបមុខរបរធ្វើស្រែបង្កបង្កើនផល ដោយឡែកប្រព័ន្ធ ផ្លូវ ថ្នល់ ក៏មិនសូវសំបូរ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវបេតុង ប្រព័ន្ធលូកំពុងកើតមានខ្វាត់ខ្វែង សម្រាប់បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។
សមិទ្ធិផលទាំងអស់នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំង ដែលកន្លែងខ្លះមានផ្លូវដីហើយត្រូវបានអាជ្ញាធរស្ថាបនាផ្លូវជាបេតុង ដោយឡែកកន្លែងខ្លះទៀតមិនមានផ្លូវសោះ ប៉ុន្តែ រហូតមកដល់ពេលនេះ ត្រូវបានអាជ្ញាធរកសាងជាផ្លូវ បេតុង ដើម្បីសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ពលរដ្ឋរស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រៀបរាប់ឲ្យដឹងថា ពួកគាត់រស់នៅភូមិនេះរាប់ឆ្នាំមកហើយមិនមានផ្លូវល្អសម្រាប់ធ្វើដំណើរនោះទេ រាល់ពេលធ្វើដំណើរទៅមកម្តងៗ លំបាកណាស់ ពិបាកទាំងខែប្រាំង និងខែវស្សា ពីព្រោះថា នៅពេលដែលខែវស្សាចូលមកដល់ម្តងៗ ដីមានសភាពស្អិត និងរអិលទៀតផង។
ប៉ុន្តែ រហូតមកដល់បច្ចុប្បន្នេះ ពួកគាត់លែងសូវលំបាកដូចកាលពីមុនទៀតហើយ ដោយបានអាជ្ញាធរសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ជាពិសេសសាលារាជធានីភ្នំពេញ យកចិត្តទុកដាក់ជួយកសាងផ្លូវបេតុងជាបន្តបន្ទាប់ជូនពួកគាត់ប្រើប្រាស់ ។អ្នកភូមិព្រែកតាគង់ រៀបរាប់បន្តឲ្យដឹងថា សមិទ្ធិផលថ្មី ដែលនឹងរៀបលេចចេញជារូបរៀងនេះ គឺជាផ្លូវបេតុង មួយខ្សែ ដែលតភ្ជាប់ចេញពីផ្លូវជាតិលេខ៦ ចាប់ពីភូមិព្រែកខ្វិត សង្កាត់ព្រែកលៀបឆ្លងកាត់ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រហូតទៅដល់ចំណុចស្ពាន លី យ៉ុងផាត់។
ផ្លូវបេតុងថ្មីមួយខ្សែ ដែលនឹងកើតចេញនាពេលឆាប់ៗនេះ ពីមុន គឺជាផ្លូវរទេះសម្រាប់ប្រជាកសិករដឹកជញ្ជូនផលស្រូវទៅលក់ ដោយមិនទាន់មានផ្លូវទាំងអស់នោះទេ។ ប៉ុន្តែដោយមានការចូលរួមពីអ្នកភូមិ បងប្អូនប្រជាពលរដ្ឋមួយចំនួន ក៏បានបរិចាកដីកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគាត់ក្នុងការអភិវឌ្ឍន៍ជាផ្លូវដីសម្រាប់អ្នកដំណើរទៅមករាប់ឆ្នាំមកហើយ។
អ្នកភូមិរៀបរាប់បន្តទៀតថា អ្វីដែលពួកគាត់ចង់បានបំផុតនោះ គឺផ្លូវស្អាតនេះឯង បើទោះបីនៅសល់ដីកម្មសិទ្ធិមានសភាពតូចក៏ដោយ ហើយដោយដឹងថា អាជ្ញាធរមានគម្រោងអភិវឌ្ឍន៍ផ្លូវទៅជាផ្លូវបេតុងទៀតនោះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំងអស់ ពិតជាមានការត្រេកអរយ៉ាងខ្លាំង។
ប្រភពព័ត៍មានពីក្រុមការងារដែលកំពុងបំពេញភារកិច្ចនៅទីនោះអោយដឹងថា ផ្លូវបេតុង ដែលកំពុងស្ថាបនា នេះ មានប្រវែង សរុបជាង ៦២០០ម៉ែត្រ ទទឹង ២០ម៉ែត្រ ក្រាលសរសៃដែក កម្រាស់ ២តឹក រយៈពេលជាង ១ឆ្នាំទៀតនឹងរួចរាល់ហើយ ៕ អត្ថបទ ៖ តារាវុទ្ធី

