ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សរុបចំនួន១៨៣៥នាក់ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កុំនិយាយឡើយដល់វិស័យយុត្តិធម៌ គឺអ្វីៗទាំងអស់បានស្លាប់ក្នុងសម័យប៉ុលពត ប៉ុន្ដែត្រូវបានរស់ឡើងវិញក្រោយពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍។
សម្តេចតេជោ បានបញ្ជាក់ថា អ្វីៗក៏ដោយ ការកែទម្រង់៩៩រស់ មិនកែទម្រង់៩៩ងាប់ រាប់តាំងការកែទម្រងវិស័យនានា និងប្រព័ន្ធតុលាការនៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីកំណែទម្រង់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៣ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ និងតុលាការ និងកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ ហើយមកដល់សព្វថ្ងៃនេះប្រព័ន្ធយុត្តិធម៌ និងតុលាការរបស់កម្ពុជា គឺត្រូវការធ្វើកំណែទម្រង់បន្តទៀត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបង្កើតសាលាឧទ្ធរណ៍តាមភូមិភាគ បានផ្ដល់ភាពងាយស្រួល ក្នុងការផ្ដល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ ដូច្នេះឱកាសបង្កើតសាលាឧទ្ធរណ៍ ក៏មានតម្រូវការក្នុងការផ្ដល់ក្របខណ្ឌមន្រ្ដីយុត្តិធម៌បន្ថែមផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តដល់រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ដែលរួមគ្នាបង្កើតអគារអន្ដេវាសិកដ្ឋាន នៅទីតាំងអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ខណៈទីនេះមានផ្ទៃដីជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្រាប់។
សម្តេចតេជោ បានថ្លែង កោតសរសើរដល់បណ្ដាក្រសួងស្ថាប័នរបស់រដ្ឋនាពេលបច្ចុប្បន្ននេះ ដែលបានគិតគូរបានល្អ ដោយបានបង្កើនសាលារៀន និងកន្លែងបណ្ដុះបណ្ដាលដោយផ្ទាល់ដល់សិស្សមន្រ្ដី និងនិស្សិត នៅតាមក្រសួង ស្ថាប័នរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការពង្រឹងនូវការគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរ ដូចជាក្រមណែនាំរបស់បុរាណាចារ្យ ដែលទាំងនេះ គឺជាផ្នែកមួយនៃការពង្រឹងក្រមសីលធម៌នៅក្នុងសង្គមខ្មែរនាពេលអនាគត។
សម្តេចតេជោ ហ៊ុន សែន បានបន្តណែនាំឱ្យមានការយកចិត្តទុកដាក់ក្នុងការអនុវត្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់ប្រជាពលរដ្ឋឱ្យបានច្រើន ដែលនេះគឺជារឿងល្អក្នុងការដោះស្រាយបញ្ហា វិវាទមួយចំនួននៅថ្នាក់មូលដ្ឋាន និងវិវាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋជាដើម។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យមានការចម្រុះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីមន្រ្ដីយុត្តិធម៌ មេធាវី និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជៀសវាងបញ្ហា ឬវិវាទនោះឈានទៅដល់តុលការ ឬឈានទៅដល់ការប្រឈមផ្សេងៗទៀត។ ការកាត់ក្ដីនេះត្រូវធ្វើម៉េចត្រូវប្រកាន់ភ្ជាប់នូវយុត្តិធម៌ ត្រូវប្រកាន់ភ្ជាប់ឱ្យបាន មិនត្រូវឱ្យមានពាក្យថា ឱ្យតែអ្នកមានគឺឈ្នះ អ្នកក្រចាញ់នោះទេ។
សម្តេចតេជោ ហ៊ុន សែន បន្តដាក់បទបញ្ជាដល់បណ្ដាអភិបាល និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ត្រូវទប់ស្កាត់ឱ្យបានការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់នៅតាមខេត្តរបស់ខ្លួន ខណៈនាពេលកន្លងទៅមានក្រុមមេខ្យល់បានកើនប្រជាជនទៅទន្រ្ទានដីឯកជន និងដីរបស់រដ្ឋត្រឹមមួយយប់បានសាងសង់ខ្ទមរហូតដល់ទៅ ៥០០ ខ្ទម។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលដឹងថា នរណានៅពីក្រោយក្នុងការដឹកនាំពលរដ្ឋទៅកាប់រុករាន ទន្រ្ទានដីរដ្ឋ និងដីឯកជននេះរួចហើយ។ សម្ដេចណែនាំទៅដល់ មន្រ្ដីរាជការ បើសិនមានការពាក់ព័ន្ធត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះបើរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអនុវត្តច្បាប់ដោយមិនលើកលែងឡើយ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាកំពុងពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្ដែបើប្រជាធិបតេយ្យ មិនគោរពច្បាប់ គឺជាអនាធិបតេយ្យ។ ដូច្នេះនៅក្នុងការរក្សាសន្ដិភាពក្នុងប្រទេសកម្ពុជា គឺមិនអាចឱ្យមានភាពអនាធិបតេយ្យណាមួយកើតឡើងបានឡើយ។















