ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍ទៅកាន់មន្ត្រីអនុវត្តច្បាប់ទាំងអស់ថា រឿងអនុវត្តច្បាប់គឺអនុវត្តហើយ ប៉ុន្តែសូមកុំភ្លេចការដោះស្រាយទំនាស់នៅក្រៅប្រព័ន្ធតុលាការ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី សរុបជិត២ពាន់នាក់ នៅអគារទីតាំងថ្មី ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនាព្រឹកថ្ងៃទី៦មិថុនានេះ។
សម្តេចបានបញ្ជាក់ថា នេះជាផ្នែកមួយនៃការដោះស្រាយដោយការយោគយល់គ្នា។
សម្ដេច បានរំលឹកបញ្ជាក់ថា ជម្លោះវិវាទច្រើនតែកើតឡើងលើបញ្ហាដីធ្លី បញ្ហានេះ បញ្ហានោះជួនកាល រឿងដែលគួរឱ្យឈឺក្បាលបំផុតនោះគឺក្រុមគ្រួសារខ្លួនឯងទាស់គ្នាទៅទៀត ដូចជាករណី កូនប្ដឹងទាយកដីពីម្ដាយ ឬម្ដាយឪពុកប្ដឹងយកដីពីកូនជាដើម។ ដូច្នេះសម្ដេច បានលើកទឹកចិត្តឲ្យមានការសម្របសម្រួលគ្នានៅក្រៅប្រព័ន្ធតុលាការចំពោះករណីខ្លះដោយមានការចូលរួមពីមន្ត្រី យុត្តិធម៌ មេធាវី ដែលមិនរកប្រាក់កម្រៃ ការចូលរួមពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងស្ថាប័នមានការពាក់ព័ន្ធ ដែលនេះគឺជាវិធីសាស្ត្រដោះស្រាយបញ្ហានៅក្នុងសង្គមរបស់យើង ដែលជៀសវាងបាននូវការប្រឈមនានា៕






